Update៖​ រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ចែករំលែក៖

Bong Sor:ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ព្រមទាំងបានបញ្ជាក់អំពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។

លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ លោកស្រីអគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ផងដែរ។ បន្ថែមលើនេះ លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។

សម្តេចធិបតី បានស្វាគមន៍ចំពោះលោកស្រី ម៉ារី ហេលេន ល័រហ្សុង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០។

ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលដៅក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

សម្តេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលដៅក្នុងការផ្ទត់ផ្គង់ទឹកស្អាតឱ្យបាន១០០% និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ ។

...

សម្តេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យសំខាន់មួយចំនួន រួមមាន៖(១) ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ ដោយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ, និងគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន ក្នុងការផ្តល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌​ និង​ ភាសាបារាំងប្រចាំតំបន់​ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា​ ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និង (៣) អន្តរកាលនៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗក្នុងការធានាឱ្យបាននូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print