បត់រថយន្តឆ្លងផ្លូវ ត្រូវស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាមកបុកពីចំហៀងពេញទំហឹង​ របួសធ្ងន់ម្នាក់​ ស្រាលម្នាក់នៅគីឡូ៣២

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ ស្ត្រីពីរនាក់​ (ម្នាក់រងរបួសធ្ងន់​ ម្នាក់ទៀតរងរបួសស្រាល​) បន្ទាប់ពីជិះម៉ូតូឌុបគ្នា​ជ្រុលទៅបុករថយន្ត​SIENNA កំពុងបត់ឆ្លងផ្លូវ​ នៅវេលាម៉ោង១​ និង៥០នាទីរសៀលថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២៤​ នៅលេីផ្លូវជាតិលេខ៣​ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣២​ ភូមិតាឡឹក ឃុំត្រពាំងវែង​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។

​ ស្ត្រីរងគ្រោះទាំងពីរនាក់ខាងលេីរួមមាន​ ៖​ ទី១​ (របួសធ្ងន់)ឈ្មោះ​ និល​ សុខនា​ ភេទស្រី​ អាយុ៣៥ឆ្នាំ​ រស់នៅស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។ទី២​ (របួសស្រាល)​ ឈ្មោះ​ និល​ សុខណេត​ ភេទស្រី​ អាយុ៣២ឆ្នាំ​ រស់នៅស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។ ដោយជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ កំពត​ 1D-1410 ។
​ តាមសម្ដីស្ត្រីរងគ្រោះដែលរងរបួសស្រាល​ បាននិយាយប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់ទាំងពីរ(ស្ត្រីរបួសធ្ងន់)បានជិះម៉ូតូមួយគ្រឿងឌុបគ្នា​ ចេញពីផ្ទះនៅស្រុកព្រៃកប្បាស​ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ បំណងទៅកន្លែងធ្វេីការនៅកំពង់ស្ពឺ​ ។ ខណៈរូបគាត់ទាំងពីរជិះម៉ូតូមកដល់កន្លែងកេីតហេតុ​ ស្រាប់តែមានរថយន្តម៉ាក​Toyota ​SIENNA ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2AF-3435 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ ទិសដៅពីជេីងមកត្បូង​ រួចបានបត់ឆ្វេងបំរុងចូលការ៉ាស់សាំង​ ដោយរថយន្តឆ្លងជិតផុត​ ក៏ត្រូវម៉ូតូស្ត្រីរងគ្រោះបុកចំពីចំហៀងក្បាលខាងស្ដាំរថយន្តពេញទំហឹង​ បណ្ដាលឲ្យស្ត្រីជាអ្នកឌុបរងរបួសធ្ងន់​ រីឯស្ត្រីអ្នកអង្គុយពីក្រោយរងរបួសស្រាល​ ។ ដោយឡែកម៉ូតូបានបាក់ក​ រងការខូចខាតយ៉ាងដំណំ​ ឯរថយន្តរងការខូចខាតតិចតួច​ ។
​ ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់​ និងអ្នកនៅក្បែរ​កន្លែងកេីតហេតុបានជួយបាំងកំដៅថ្ងៃ​ លេបប្រេងក្រឡា​ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះដល់កន្លែងកេីតហេតុ​ ។ បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកកណ្ដាលស្ទឹង​ ចុះមកដល់នឹងដឹកស្ត្រីរងគ្រោះទាំងពីរទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ ។ រីឯម៉ូតូ​ និងរថយន្ត​បង្ក​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកផ្នែកចរាចរណ៍​ នៃនគរបាលស្រុកកណ្ដាលស្ទឹង​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print