ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនជនសង្ស័យ២នាក់ ភេទស្រី ជាម្តាយនិងកូន តបតាមបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីឆបោកតាមបណ្តាញសង្គមក្រោមរូបភាពផ្ញើវត្ថុមានតម្លៃពីបរទេសមកអោយជនរងគ្រោះ និងធ្វើការឆបោកដែលតម្រូវអោយជនរងគ្រោះត្រូវដោះស្រាយសេវាផ្សេងៗដើម្បីបានទទួលវត្ថុមានតម្លៃនោះ។ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាយ៉ាងសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្រីក្រមានការយល់ដឹងតិចតួច អោយទៅបើកគណនីធនាគារ និងលក់អោយខ្លួនដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការទុកចិត្តលើជនមិន ស្គាល់អត្តសញ្ញាណច្បាស់លាស់ដែល សន្យាផ្ញើប្រាក់ឬវត្ថុមានតម្លៃមកពីក្រៅ ប្រទេស។ បន្ថែមពីនេះ នាយកដ្ឋានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់ឬប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃ ព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕ ដោយ ៖ សិលា