ខេត្តកណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី “បុណ្យវិសាខបូជា” នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកនឹកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ក្នុងសម័យកាលព្រះអង្គព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំចួន ថ្ងៃ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង ។
នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ ៕