ប្រទេសន័រវេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសថា ខ្លួននឹងចាប់ខ្លួននាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល ក្រោមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អុីស្រាអែលកាលពីម្សិលមិញ (ថ្ងៃទី 21 ឧសភា) ប្រទេសន័រវេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលប្រកាសថាខ្លួននឹងអនុវត្តដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ប្រសិនបើដីកាចាប់ខ្លួនមន្ត្រីទាំងនេះអនុម័តដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បានបញ្ជាក់ថា ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ ទីក្រុង Oslo មានកាតព្វកិច្ចប្រហារជីវិត ហើយនឹងចាប់ខ្លួនមន្ត្រីខាងលើ នៅពេលពួកគេទៅដល់ប្រទេសន័រវេស។
ប្រធានរដ្ឋអាជ្ញា Karim Khan នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបញ្ជាក់កាលពីថ្ងៃទី២០ ខែឧសភា ថា លោកកំពុងស្វែងរកដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិអុីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស់បីនាក់។ ការចោទប្រកាន់លើនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការពារជាតិអុីស្រាអែលរួមមាន “ការបង្កឱ្យមានការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញ បង្កឱ្យមានគ្រោះទុរ្ភិក្ស ជាមធ្យោបាយនៃសង្គ្រាម ការរារាំងជំនួយមនុស្សធម៌ និងចេតនាទៅលើជនស៊ីវិល “។ ទន្ទឹមនឹងនេះ ការចោទប្រកាន់លើមន្ត្រីក្រុមហាម៉ាស់រួមមាន “ការសម្លាប់រង្គាល ឃាតកម្ម ការចាប់ពង្រត់ចំណាប់ខ្មាំង ការរំលោភផ្លូវភេទលើអ្នកទោស ការធ្វើទារុណកម្ម និងការប្រព្រឹត្តយ៉ាងឃោរឃៅ”។
ក្រៅពីប្រទេសន័រវេស ប្រទេសអឺរ៉ុបជាច្រើនក៏បានប្រកាសគាំទ្រចំពោះដីកាចាប់ខ្លួនរបស់ ICC ដែលចេញម្តងរួចមកហើយ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត ប្រឆាំងយ៉ាងខ្លាំងចំពោះជំហាននេះ៕ ដោយធីរីណា
រូបថត: Reuters