ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បច្ចុប្បន្ននេះមានសេវាក្រុមហ៊ុនផ្សេងៗបានជួយក្នុងការគាំពារសុខភាពរបស់ពលរដ្ឋ តាមរយៈការអនុវត្តតាមមានរូបមន្ត២ គឺ ៖ ១-ការធានារ៉ាប់រងសុខភាព ។
និង២-ការធានារ៉ាបរងអាយុជីវិត ដោយអ្នកខ្លះបានទិញកញ្ចប់សេវាធានារ៉ាបរងទាំងនេះដើម្បីទុកសន្សំឱ្យកូន។ ដូច្នេះរូបមន្តនេះទៅថ្ងៃមុខ ទាំងវិស័យឯកជននិងវិស័យរដ្ឋ ត្រូវចូលរួមសហការគ្នា។
សម្តេចធិបតី បានថ្លែងថា ៖ នៅក្នុងវិស័យរដ្ឋ រដ្ឋបាននិងកំពុងរៀបចំបង្កើតសេវាធានារ៉ាប់រងសុខភាព ដើម្បីឱ្យថ្ងៃក្រោយទៅ ពលរដ្ឋអាចចូលរួមបានតាមរយៈរូបមន្តណាមួយទៅតាមលទ្ធភាព ដើម្បីធានាបាននូវចីរភាព ពីព្រោះរដ្ឋមិនអាចរ៉ាប់រងទាំងអស់ទេ។ ប៉ុន្តែរាជរដ្ឋាភិបាល ត្រូវរៀបចំជាយន្តការនិងគោលនយោបាយមួយ ដើម្បីឱ្យវិស័យឯកជនអាចចូលរួមបាន ហើយប្រជាជនក៏ត្រូវមានសិទ្ធិចូលរួមដូចមន្ត្រីរាជការដែលមានបណ្ណ ប.ស.ស ដែរ។ ជាឧទាហរណ៍ ការធានាសុខភាពមានកំណត់ថ្លៃសេវាជាកញ្ចប់ ដោយកញ្ចប់ខ្លះសម្រាប់តែការព្យាបាលមូលដ្ឋានទេ តែបើចង់ព្យាបាលបន្ថែម តួយ៉ាងដូចជាធ្មេញជាដើម ត្រូវបង់ថ្លៃសេវាផ្សេងទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ២០២៤ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំមកនេះ គឺរាជរដ្ឋាភិបាល បានធ្វើការវិនិយោគច្រើនណាស់លើសុខាភិបាល ពោលគឺរហូតដល់ជាង ៥០០លានដុល្លារ អាមេរិកឯណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាឱ្យប្រជាពលរដ្ឋ ២៤ ម៉ោង ក្នុង១សប្ដាហ៍ពេញតែម្ដង ៕