ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក ជញ្ជូន លោក ផន រឹម បានប្រាប់អ្នកកាសែតថា ក្រុម ហ៊ុនកំពតផត Kampot Port Co., Ltd. ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ២០០៧ លើផ្ទៃដីសរុប ៧០០ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។
ក្រុមហ៊ុននេះ បានដាក់ពាក្យស្នើសុំសាងសង់កំពង់ផែ ជាកំពង់ផែទំនិញ និងកុងតឺន័រ។ អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា កំពង់ផែ KAMPOT INTERANTIONAL PORT ត្រូវសាងសង់ជាពីរជំហានធំៗគឺជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះ បានបញ្ចប់ការសាង សង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។ ហើយកំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ (KAMPOT INTERANTIONAL PORT) នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កំពង់ផែកំពតផតនេះ នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោនចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។
ចំណតផែជំហានទី១ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែនេះ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។
ចំណែកចំណតផែជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះ មានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕