ភ្នំពេញ៖ ស្នងការនគរបាលរាជធានី នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើង២០នាក់ ដែលទើបតែបង្ក្រាបបានក្នុងរយះពេល២ថ្ងៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្កសកម្មភាពហិង្សារកាប់ចាក់ និងរក្សាទុកកាំបិត និងដាវជាដើម ។
សន្និសិទនេះ ធ្វើឡើងនាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយធ្វើសន្និសិទ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នគរបាលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ ប៊ុន សត្យា បានឱ្យដឹងថា ៖ ក្នុងរយះពេល២ថ្ងៃមកនេះ នគរបាលបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងចំនួន០៥ករណី ដោយបានឃាត់ខ្លួនមនុស្សសរុប២០នាក់ ដោយពួកគេពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សារ និងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិ ដោយមានដាវ និងកាំបិតជាដើម ។
លោកឧត្តមសេនីយ៍ បន្តថា កិច្ចការងារបង្ក្រាបនេះ សមត្ថកិច្ចរាជធានី នឹងបន្តខិតខំក្នុងការបង្ក្រាប និងទប់ស្កាត់ ចំពោះសកម្មភាពក្រុមក្មេងទំនើងនេះបន្តទៀត ដើម្បីធានាបានសន្តិសុខសុវត្ថិភាព ១០០ភាគរយ ជូនប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងថា ៖
ទន្ទឹមនឹងប្រតិបត្តិការដ៏ក្តៅរបស់សមត្ថកិច្ច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់បញ្ជារដល់នគរបាលនៅតាមខណ្ឌទាំង១៤ ឱ្យពិនិត្យស្រាវជ្រាវតាមទីតាំងដែលផលិតដាវសុំាម៉ូរៃគ្មានច្បាប់ ដើម្បីធ្វើការអប់រំណែនាំឱ្យបញ្ឈប់ការលក់ដូរនេះបន្តទៅទៀត ។
សូមបញ្ជាក់ថា ក្នុងរយះពេល២ថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ដោយបានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងការចុះល្បាតក្នុងភូមិសាស្ត្ររាជធានី ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបលើសកម្មភាពក្រុមក្មេងទំនើង ដែលបានបង្កើតភាពអសន្តិសុខ បង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងសង្គមជាតិ ។
ប្រតិបត្តិការដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ចនេះ ធ្វើឡើង បន្ទាប់ពីមានបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ជារដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ពិសេសអភិបាលរាជធានីខេត្តទាំង២៤ ធ្វើយ៉ាងណាដាច់ខាតត្រូវតែបង្ក្រាបឱ្យមានប្រសិទ្ធិភាពបំផុត លើសកម្មភាពក្រុមក្មេងទំនើង ដែលកំពុងមានការផុសផុលឡើងខ្លាំង បង្កជាភាពអសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ ក្នុងពេលបច្ចុប្បន្ននេះ ៕