តំណាងអយ្យការ​ សម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន​៣នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​​​​ទម្ងន់ប្រមាណ ១០៧គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី គ្រឿងញៀននៅចំណុចទីតាំងទី១ ខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំងទី២ នៅចំណុចបន្ទប់លេខ១១០៥ ជាន់ទី១១ ខុនដូរខាឡា (CALLA) ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទីតាំងទី៣ នៅចំណុចបន្ទប់លេខ១២៨ ជាន់ទី១២ ខុនដូរថាមស៊ែរ (TIME SQUARE) ផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ២.ឈ្មោះ យឿង ទឹក (YOEUNG DOEK) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម និង៣.ឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម នូវសារធាតុញៀនប្រភេទ ហេរ៉ូអ៊ុន ទម្ងន់ ៣១,២១ ក្រាម ប្រភេទ MDMA ទម្ងន់ ១៥.៤៧៧,៦៨ ក្រាម ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២៣៦៧,៣១ ក្រាម ប្រភេទ កេតាមីន ទម្ងន់ ៧៧២៦ ក្រាម និងសារធាតុ មិនច្បាស់ ទម្ងន់ ៨១.៤៩០,៨៤ ក្រាម ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូន ជនសង្ស័យទាំង០៣នាក់ខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯ បក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ១.ឈ្មោះ ង្វៀង ម៉ាញ់ហា (NGUYEN MANH HA) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ២.ឈ្មោះ យឿង ទឹក (YOEUNG DOEK) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម និងបក្ខពួក ពីបទ ផលិត រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង៣.ឈ្មោះ ង្វៀង ធីឡាន (NGUYEN THI LAN) ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌ និង ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print