ភ្នំពេញ ៖ ទីស្តីការក្រសួង នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd. (CFOCN) ដឹកនាំដោយ លោក HE Liping អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកស្រី លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងឱកាសនៃជំនួបនោះ បានជជែកពិភាក្សាស្វែងយល់បន្ថែមអំពីសេវាកម្មឯកទេសរបស់ក្រុមហ៊ុន លើការងាររៀបចំបណ្តាញខ្សែកាប្លិ៍អុបទិចនៅក្រោមដី សំដៅពិនិត្យលទ្ធភាព និងឱកាសក្នុងការបន្តកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងប្រសើរឡើង។ តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី និង លោកអគ្គនាយកក្រុមហ៊ុន បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមអាទិភាពគន្លឹះទី៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៧៕
ដោយ ៖ សិលា