សារាចររបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានចេញ សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ។

ព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិ កុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងទៀត។

ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អឺត្អែរដែលបានកាប់សម្លាប់ស្ត្រីនិងកុមារនៅភូមិលីនីសែ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាទូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាព ពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំង ពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នដោយប្រទេសជាច្រើនលើពិភពលោក លើ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារលេខ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុប បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងអនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ ការចូលធ្វើការងារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជាទាសករកុមារ ការជួញដូរ កុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះជាដើម។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់និងជំរុញ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារ ការការពារកុមារពីបញ្ហាប្រឈមនឹង ការរំលោភបំពានគ្រប់រូបភាព ជាពិសេសដើម្បីរំលឹកដល់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងការរស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាកយ៉ាងធ្ងន់ធ្ងរបំផុតទៀតផង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសិទ្ធិកុមារផងត្រូវបានការពារនិងលើកតម្កើងដោយមានចែងយ៉ាងច្បាស់នៅក្នុង រដ្ឋធម្មនុញ្ញ យុទ្ធសាស្ត្រចតុកោណ យុទ្ធសាស្ត្របញ្ចកោណ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print