កម្ពុជា-ចិន ថាសមយុទ្ធយោធារួមគ្នាឆ្នាំនេះមានកម្រិតខ្ពស់ជាងបណ្ដាឆ្នាំមុនៗ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានវាយតម្លៃថាសមយុទ្ធនាគមាសឆ្នាំ២០២៤ មានកម្រិតខ្ពស់ជាងបណ្តាឆ្នាំមុនៗ។

ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានថ្លែងអំណរគុណដល់កម្ពុជា ជាពិសេស ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទដែលបានយកចិត្តទុកដាក់ទទួលស្និទ្ធស្នាលដល់កងទ័ពរំដោះប្រជាជនចិន ប្រៀបបីដូចបងប្អូន ហើយសង្ឃឹមថាទៅបណ្ដាឆ្នាំខាងមុខ សមយុទ្ធនេះនឹងទទួលបានជោគជ័យផ្លែផ្កាបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន និងបានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដោយបានបញ្ជាក់ថាការធ្វើសមយុទ្ធឆ្នាំនេះមានលក្ខណៈស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយសង្ឃឹមជឿជាក់ថា សមយុទ្ធទ្វេភាគីរវាង កម្ពុជា-ចិន និងបន្តលើកកម្ពស់ពង្រឹងពង្រីកបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងនូវការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដែលបានមកចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស-ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះពិតជាបាននាំមកនូវការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណី រវាងកងទ័ពប្រទេសទាំងពីរ។

ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ឯកឧត្តមអគ្គមេបញ្ជាការ បានដល់ភាគីចិនបន្តការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចឱ្យកាន់តែធំទូលាយ និងទាន់ពេលវេលា ក្នុងទិសដៅប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ ទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គបញ្ជាការ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងការអបអរសាទរ ដែលកម្ពុជាបានស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សក្រោយជួបប្រទះនូវជំងឺកូវីដ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានគូសបញ្ជាក់ថា ក្នុងបណ្ដាឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកសាងសហគមន៍វាសនារួម ចិន-កម្ពុជា បានឈានដល់ដំណាក់កាលថ្មី ប្រកបដោយគុណភាពខ្ពស់និងស្តង់ដារខ្ពស់ និងកំពុងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រទាំង ៦ វិស័យ មានជាអាទ៍ វិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខនិងមនុស្សាស្ត្រ ឱ្យដើរមុនគេនៅលើសកលលោក។

ឯកឧត្តម មេបញ្ជាការរង បានលើកឡើងថា តំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន ជាស្ថាប័នយោធាកំពូលតែមួយគត់ដែលបានទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាប្រយុទ្ធ ហើយចាប់តាំងពីថ្ងៃបង្កើត អង្គភាពនេះបានរៀបចំទំនាក់ទំនងមិត្តភាពជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ ការរៀបចំធ្វើសមយុទ្ធ និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង ទទួលបានសមិទ្ធផលជាច្រើន។

ឯកឧត្តម បានចាត់ទុកសមយុទ្ធនាគមាស-ឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មីនៃការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិនរំពឹងទុកថា នឹងពួតដៃជាមួយអគ្គបញ្ជាការដ្ឋាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឱ្យកាន់តែស៊ីជម្រៅ បម្រើដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print