ទំនាក់ទំនងរវាងអេហ្ស៊ីប នឹងអុីស្រាអែលនៅតែបន្តតានតឹង បន្ទាប់ពីទាហានអេហ្ស៊ីបម្នាក់ត្រូវបានអុីស្រាអែលបាញ់សម្លាប់នៅតំបន់ព្រំដែន Gaza កាលពីថ្ងៃទី 27 ឧសភា។ ស្ថានភាពនៃការបាញ់ប្រហារខាងលើមិនច្បាស់លាស់ទេ។ ទាំងអេហ្ស៊ីបនិងអុីស្រាអែលបច្ចុប្បន្នកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
កន្លងមក អេហ្ស៊ីបបានរិះគន់ការវាយប្រហាររបស់អុីស្រាអែលលើជំរំជនភៀសខ្លួននៅទីក្រុង Rafah កាលពីល្ងាចថ្ងៃទី 26 ខែឧសភា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 45 នាក់ ដោយនិយាយថា នេះជាការវាយប្រហារដោយចេតនា។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងគែរត្រូវបានគេនិយាយថានឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលខ្លួនបានចូលរួមជាច្រើនខែ រួមជាមួយនឹងកាតារនិងសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងអុីស្រាអែល នឹងក្រុមហាម៉ាស់លើបទឈប់បាញ់នៅហ្គាហ្សា។ យោងតាមប្រភពមួយចំនួន ការចរចារវាងអ្នកសម្រុះសម្រួលជាមួយអុីស្រាអែលនិងក្រុមហាម៉ាស់នឹងបន្តនៅសប្តាហ៍ក្រោយបន្ទាប់ពីការពន្យារពេលដោយសារតែការបដិសេធរបស់អុីស្រាអែលចំពោះការទាមទាររបស់ក្រុមហាម៉ាស់។
ឥឡូវនេះ អេហ្ស៊ីបបានពង្រឹងកងកម្លាំងរបស់ខ្លួននៅក្នុងឧបទ្វីបស៊ីណៃ នៅជិតតំបន់ព្រំដែនជាមួយហ្គាហ្សានិងអុីស្រាអែល ហើយបានដាក់កម្លាំងយោធានិងសន្តិសុខឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ អេហ្ស៊ីបតែងតែចាត់ទុកតំបន់ហ្គាហ្សាជាបញ្ហាសន្តិសុខជាតិ ហើយបានព្យាយាមរក្សាកម្រិតនៃឥទ្ធិពលនៅក្នុងទឹកដីនេះ។
អេហ្ស៊ីបគឺជាប្រទេសអារ៉ាប់ដំបូងគេដែលបង្កើតទំនាក់ទំនងជាមួយអុីស្រាអែល។ បច្ចុប្បន្នប្រទេសទាំងពីរត្រូវបានចងភ្ជាប់នៅក្រោមសន្ធិសញ្ញាសន្តិភាពឆ្នាំ 1979 ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះកាន់តែតានតឹងចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ 2023៕ ដោយធីរីណា
រូបថត: TTXVN