ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។
បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្ដីអំពីវឌ្ឍនភាពការងារ ការចូលរួមសកម្មភាពសង្គម និង សំណូមពរបស់ សមាគមរួចមក សម្ដេចធិបតី បានមានប្រសាសន៍សំណេះសំណាល ដោយបានអរគុណចំពោះ សមាគមដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្រ្តាចារ្យគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីធានាចីរភាពនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ព្រមទាំងបានចូលរួមសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល។ បន្ថែមលើនេះ សម្តេចធិបតី ក៏ បាន កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ជាពិសេសសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសការបង្កើន និងការពង្រីកសេវាអប់រំគ្រប់កម្រិត នៅទូទាំងប្រទេសកម្ពុជា ព្រមទាំង ការខិតខំផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ការធ្វើទំនើបកម្ម និងទាញយកបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យឯកជនជាដៃគូ ដែលជាប្រតិបត្តិករសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើគ្រប់វិស័យ។
ក្នុងឱកាសនេះ សម្ដេចធិបតី ក៏បានជំរុញដល់សមាគមយកចិត្តទុកដាក់លើ កិច្ចការ សំខាន់៣ ដូចខាងក្រោម៖ (១) ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា (២) ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ និង (៣) បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។
មុននឹងបញ្ចប់ សម្ដេចធិបតី បានសម្រេច ចំពោះសំណូមពររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដូចខាងក្រោម៖
១. ឯកភាពតាមការស្នើសុំ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួចហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ ដែលបានផ្តល់ការអនុគ្រោះដូចអ្វីដែលជាការស្នើសុំ របស់សមាគម។
២. ឯកភាព ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវអនុវត្តនូវលក្ខខណ្ឌមួយចំនួនរួមមាន៖ គ្រឹះស្ថានសិក្សាត្រូវអនុវត្តកាតព្វកិច្ចកាន់បញ្ជីគណនេយ្យត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម ហើយគ្រឹះស្ថានសិក្សាគួរមានឆន្ទៈ រៀបចំ ផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សាស្រាវជ្រាវ និងចូលរួមការបណ្ដុះបណ្ដាលស្តង់ដាគណនេយ្យដែលរៀបចំដោយនិយ័តករគណនេយ្យនិងសវនកម្ម និងគ្រឹះស្ថានបណ្ដុះបណ្ដាលផ្សេងៗទៀតខិតខំជំរុញបន្ថែមនូវសកម្មភាពផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលមានស្រាប់។
៣. ឯកភាពក្នុងការផ្ដល់នូវអាគារជាន់ទី១បន្ថែមទៀត នៃអាគារបណ្ណាល័យបច្ចុប្បន្ន ដើម្បីឱ្យសមាគមប្រើប្រាស់ក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។
ជាទីបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បន្តចូលរួមធ្វើអាទិភាវូបនីយកម្មលើគុណភាពនៃការអប់រំ ដើម្បីឱ្យសិស្ស-និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា មានសមត្ថភាពកាន់តែខ្ពស់ក្នុងទីផ្សារការងារ រួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍមូលធនបញ្ញាដល់យុវជន សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ៕ដោយ៖តារា