យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចមួយត្រូវបានរុញទៅឆ្ងាយនៅឯអាកាសយានដ្ឋាន Dallas Fort Worth (D-FW) សហរដ្ឋអាមេរិកចំពេលមានខ្យល់ព្យុះដែលមានកម្លំាងខ្យល់ខ្លាំង ។ យន្តហោះ American Airlines 737-800 ដែលមានទម្ងន់ 40 តោនត្រូវបានរុញតាមបណ្តោយផ្លូវរត់។
ខ្យល់ខ្លាំងក៏បានបំផ្លាញឃ្លាំងពាណិជ្ជកម្មដ៏ធំមួយនៅជិតព្រលានយន្តហោះផងដែរ ដោយរលំដំបូល។ ជាសំណាងល្អ គ្មាននរណាម្នាក់នៅលើយន្តហោះនោះទេ ហើយក្រុមថែទាំកំពុងធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ហើយនឹងធ្វើការជួសជុលចាំបាច់ណាមួយ ។
ជើងហោះហើរជាង 90% ដែលចាកចេញពីអាកាសយានដ្ឋាន D-FW ត្រូវបានពន្យារពេល ឬលុបចោលនៅព្រឹកថ្ងៃទី 28 ខែឧសភា ដោយសារព្យុះដ៏ខ្លាំងបានវាយប្រហាររដ្ឋតិចសាស់ និងរដ្ឋជិតខាង។
មានការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅរដ្ឋតិចសាស់ខាងជើង ជាកន្លែងដែលអ្នកស្រុកកំពុងប្រឈមនឹងរលកកម្ដៅ។
ខ្យល់ព្យុះ និងព្យុះកំបុតត្បូង ដែលបានបោកបក់ឆ្លងកាត់តំបន់ទំនាបភាគខាងត្បូង និងភ្នំ Ozark បានសម្លាប់មនុស្សយ៉ាងហោចណាស់ 21 នាក់នៅទូទាំងរដ្ឋចំនួន 4 របស់សហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃចន្ទ (27 ឧសភា) ម៉ោងក្នុងស្រុក។ ព្យុះក៏បានបំផ្លាញអគាររាប់រយ ហើយត្រូវបានគេព្យាករថានឹងនាំមកនូវអាកាសធាតុកាន់តែអាក្រក់។
យោងតាមស្ថិតិពីភ្នាក់ងារសង្គ្រោះបន្ទាន់របស់សហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ដោយសារព្យុះនេះបានកើតឡើងក្នុងឱកាសនៃថ្ងៃបុណ្យ Memorial Day រយៈពេលបីថ្ងៃនេះ រួមទាំងអ្នកស្លាប់យ៉ាងហោចណាស់ 8 នាក់នៅរដ្ឋ Arkansas 7 នាក់នៅរដ្ឋតិចសាស់ 4 នាក់នៅរដ្ឋ Kentucky និង 2 នាក់នៅអូក្លាហូម៉ា។
សេវាអាកាសធាតុជាតិក៏បានចេញការព្រមានអំពីព្យុះផ្គររន្ទះធ្ងន់ធ្ងរសម្រាប់ផ្នែកខ្លះនៃរដ្ឋ New Jersey ញូវយ៉ក និងរដ្ឋ Pennsylvania រហូតដល់ល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក។ ការព្រមាននេះមានជាធរមានសម្រាប់មនុស្សជាង 30 លាននាក់នៅភាគឦសានសហរដ្ឋអាមេរិក ខណៈព្យុះត្រូវបានគេរំពឹងថានឹងផ្លាស់ទីទៅផ្នែកនោះនៃឆ្នេរខាងកើត៕ ដោយធីរីណា
រូបថត: ABC