លោករដ្ឋមន្ត្រី ឌិត ទីណា និងឯកអគ្គរដ្ឋទូតអឺរ៉ុបអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩  ខែឧសភា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

   

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដែលបានសហការចូលរួមគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ក្រោមម្លប់សន្តិភាព។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង គឺជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។  

 

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការផ្តល់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ នឹងរួមចំណែកជួយដល់វារីវប្បករ និងអ្នកនេសាទ គ្រប់កម្រិត ឱ្យមានលទ្ធភាពកែច្នៃផលិតផលជលផលក្រោយប្រមូលផលប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ផលិតផលដែលមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស នឹងផ្ដល់លទ្ធភាពដល់ភាគីពាក់ព័ន្ធពង្រីកផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីសម្រេចនូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។   

  

នាឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីនិរន្តរភាពវិស័យជលផល ដែលជាការងារអាទិភាពមួយរបស់ក្រសួង តាមរយៈការគ្រប់គ្រងធនធានជលផលក្នុងធម្មជាតិ និងការពង្រីកវិស័យវារីវប្បកម្ម ហើយឈានទៅចងក្រងជាសហគមន៍ទំនើប។ 

  

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសឱ្យដំណើរការជាផ្លូវការកម្មវធី ISF លោករដ្ឋមន្ត្រី បានផ្តល់កត្តិយសអញ្ជើញផ្តល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា(CQS) ដល់សហគ្រាសចំនួន ៩ផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print