ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដាក់បទបញ្ជាទៅអភិបាល នៃគណៈ អភិបាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុមក្មេងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នានោះ ។ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបង្ហោះសារ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ជារម្លឹកផ្តល់ឱកាសឱ្យក្មេងទំនើងព្យាយាមកែខ្លួន ដើម្បីដើរផ្លូវល្អក្នុងស្គម និងជំរុញឱ្យអាណាព្យាបាល ត្រូវខិតខំណែនាំកូន ចៀសឆ្ងាយពីសកម្មភាពបទល្មើស ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានលើកឡើងថា ៖ ជូនចំពោះក្រុមក្មេងទំនេីងទាំងឡាយ ជាពិសេសក្រុមក្មេងទំនេីងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានក្នុងសង្គម ដូចជា ការកាន់ដាវ កាប់ចាក់បង្កការភ័យខ្លាចដល់ប្រជាជន ហេីយត្រូវកែប្រែខ្លួនទៅជាពលរដ្ឋល្អ បេីមិនដូច្នេះទេ ពួកអ្នកនឹងទទួលរងនូវការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ជាទីបំផុត។
លោកបន្តថា ៖ ជូនចំពោះអាណាព្យាបាលទាំងអស់ ត្រូវខិតខំនែនាំអប់រំកូនចៅ អោយជៀសអោយឆ្ងាយពីក្រុមក្មេងទំនេីង ដែលអាចមានទោសទណ្ឌដល់ពួកគេ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានរម្លឹកថា ៖ សមត្ថកិច្ចទាំងអស់នឹងប្រែក្លាយសកម្មភាពបង្ក្រាបក្មេងទំនេីង អោយក្លាយជាយុទ្ធនាការមួយយ៉ាងសកម្មបំផុត។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។ ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មានសកម្ម ភាព ក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញសង្គម រហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញកន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាល នៃគណៈ អភិ បាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុមក្មេ ងទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នាប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ។
សម្តេចធិបតីថា ៖ សកម្មភាពទាំងនោះ បានកាប់ដាច់ដៃ និងទ្រព្យសម្បត្តិ ថាភាគីក៏ដោយ តែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់បន្ថែមថា ៖ អាជ្ញាធរត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និង សន្តិសុខសង្គម ហើយក៏ត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ៖ ការធ្វើបែបនេះដើម្បីធានាព្រោះថា សន្តិសុខសង្គម ភូមិ ឃុំសង្កាត់មានសុវត្ថិភាពគឺជាគោលដៅចំពោះរបស់រាជរដ្ឋាភិបាល ក្នុងរឿងគ្រឿងញៀនបានអនុវត្តន៍ជាបន្តបន្ទាប់។
សម្ដេចធិបតីបានលើកឡើងថា ៖ រឿងគ្រឿងញៀនវាមិនងាយស្រួលនោះទេ តែយើងត្រូវ តែធ្វើ ជាប្រចាំជានិច្ច ហើយរឿងបើកឡានបុកគេ ចាប់អនុវត្តន៍ច្បាប់មិនឱ្យរួចខ្លួននោះទេ ពេលនេះបានស្ងាត់ តែវានៅ រឿង បងធំ បងតូច ជាពិសេសនោះក្រុមដាវសាំម៉ូរ៉ៃ។ សម្តេចធិបតីបានអះអាងថា ៖ សម្តេចបានកំពុងតែឱ្យ ក្រសួងយុត្តិធម៌ពិនិត្យចំពោះការដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនហ្នឹង ព្រោះថាបើប្រជាពលរដ្ឋគាត់ដាក់កាំបិតគាត់ទៅធ្វើការងារ នៅចម្ការតែនៅភ្នំពេញដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនទៅធ្វើអ្វី ហើយទៅរៀនដាក់ដាវការពារខ្លួនឬ?
សម្ដេចធិបតីបានបន្ដថា ៖ បញ្ហានេះ យកល្អកុំឱ្យមានទាំងអស់គ្នាប្រសើរជាង បើឱ្យមាននោះតិចទៀតកាប់គ្នា តិចទៀតអាចប្រើដល់ធ្នូ វាបាញ់បានឆ្ងាយ«…»។ សម្ដេចធិបតីបានរម្លឹកថា ៖ កាលពីមុនសម្ដេចឃើញមានម្នាក់ កំពុងជិះម៉ូតូមក ហើយកាប់គ្នាពីក្រោយដោយមិនដឹងខ្លួន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្ថាប័ន អយ្យការត្រូវមានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះប្រកប ដោយ ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់របស់យើង។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ៖ សម្តេចមិនបានដាក់បញ្ជាទៅស្ថាប័នតុលាការ នោះទេ តែសូមឱ្យស្ថាប័នតុលាការត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់លើកកិច្ចការនេះ ។ សម្ដេចធិបតីបាន អះអាងផងដែរថា ៖ ពិតណាស់ច្បាស់ជាមានក្មេងៗក្រោមអាយុ១៤ឆ្នាំ ឬ១៨ឆ្នាំ ត្រូវអនុវត្តទោសទណ្ឌបែបណា តែត្រូវសិក្សាឱ្យបានច្បាស់ថាត្រូវធ្វើការពង្រឹងបែបណាដើម្បី ឱ្យខ្លាច។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ឪពុក ម្តាយក៏ដូចជាអាណាព្យាបាល ខិតខំអប់រំទូន្មានប្រដៅកូនព្រោះថាកិច្ចការងារនេះ ត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ៕
ដោយ ៖ សិលា