ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា)នៅប្រទេសសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្មៀន ហ្គាយហ្គឺរិច (Bastian Giegerich) អគ្គនាយក និង ជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូលសន្តិសុខអាស៊ី លើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំខាងលើរួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច រួមជាមួយឯកឧត្តម លោកជំទាវ នាយទាហាន ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នឹងមានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទ ដូចជា៖ (១) ភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក (២) ការពង្រឹងការគ្រប់គ្រងវិបត្តិនៅពេលមាន ការប្រកួតប្រជែងកាន់តែកើនឡើង (៣) ការកសាងសន្តិសុខសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (៤) បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់ (៥) វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល (៦) ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក និង (៧) ការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងអញ្ជើញថ្លែងសុន្ទរកថា និងចែករំលែក ទស្សនៈនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” ដោយបង្ហាញ ទស្សនៈស្តីពីបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលរួម កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគី៕ដោយ៖តារា