ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា ៖ កម្ពុជាបានសិក្សាល្អិតល្អន់ណាស់ ទៅលើសមិទ្ធិលទ្ធភាពគម្រោងនេះ ដោយបានបែងចែកជា២ដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប២៦ខែរួមមាន៖
1️⃣ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល១៤ខែ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។
2️⃣ ដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ អនុវត្តដោយក្រុមហ៊ុន CCCC Water Transport Consultant Co. Ltd និងក្រុមហ៊ុន CRBC ហើយគ្រប់គ្រង និងដឹកនាំដោយក្រសួងសាធារណការ និង ដឹកជញ្ជូន និងសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។ ការសិក្សាសមិទិ្ធលទ្ធភាពលម្អិតនេះបានបញ្ចប់ទាំងស្រុងក្នុងកំឡុងខែមេសា ឆ្នាំ២០២៣។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ៖
❇️ចំពោះដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលទទួលបានលទ្ធផលសិក្សាបឋមរួចរាល់ហើយ។ ការដោះស្រាយផលប៉ះពាល់ត្រូវធ្វើឡើងដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរនៅនឹងកន្លែង។
❇️ ការដោះស្រាយផលប៉ះពាល់នឹងត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល។ សូមអរគុណ។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «ជ្រែកជីកហ្វូនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជ្រែកជីកហ្វូនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជាផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជាយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកនេះ ទៅថ្ងៃអនាគត នឹងក្លាយទៅជាព្រែកជីកប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរយើង ដូចដែលដូនតាយើងបានកសាងអង្គរវត្តសម្រាប់យើងនោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបញ្ចេញសារគាំទ្រចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ» នេះ ដែលបានក្លាយទៅជាចលនាជាតិនិយមដ៏ធំមួយសម្រាប់ប្រទេសជាតិយើង៕
ដោយ ៖ សិលា