លោកត្រាំប្រកាសថា នឹងប្តឹងឧទ្ធរណ៍របស់ប្រឆាំងនឹងករណីបង់ប្រាក់បិទមាត់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាវាគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ មនុស្សម្នា ក្នុងការចោទសួរពីសុចរិតភាពនៃសាលក្រមសម្រេចឱ្យលោក ដូណាល់ ត្រាំ មានពិរុទ្ធ ក្នុងសំណុំរឿងលុយបំបិទមាត់។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូង ក្រោយគណៈវិនិច្ឆ័យមានសមាជិក ១២នាក់ នៃតុលាការក្រុងញូវយ៉ក សម្រេចកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថាលោក ដូណាល់ ត្រាំ មានពិរុទ្ធលើបទចោទព្រហ្មទណ្ឌទាំង ៣៦ករណី ក្នុងសំណុំរឿងលុយបំបិទមាត់អតីតតារាអាសអាភាសម្នាក់ កុំឱ្យនិយាយរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ លោក បៃដិន បានថ្កោលទោសយ៉ាងខ្លាំងលើលោក ត្រាំ និងអ្នកសាធារណរដ្ឋមួយចំនួនដែលរិះគន់ សាលក្រមនេះ។
ថ្លែងចេញពីសេតវិមាន លោក បៃដិន បាននិយាយថា លោក ដូណាល់ ត្រាំ ត្រូវបានផ្ដល់ឱកាសគ្រប់ពេលដើម្បីការពារខ្លួនឯង។ លោកបន្តថាប្រព័ន្ធយុត្តិធម៌អាមេរិក បានចាក់ឫសអស់រយៈពេលជិត ២៥០ឆ្នាំមកហើយ និងបានរិះគន់លោក ត្រាំ រួមទាំងអ្នកគាំទ្រមួយចំនួនរបស់លោកថាកំពុងព្យាយាមបំផ្លាញប្រព័ន្ធយុត្តិធម៌អាមេរិក តាមរយៈការចោទប្រកាន់គ្មានការពិត។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «វាជារឿងគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវសម្រាប់អ្នកដែលនិយាយថាសាលក្រមនេះ ត្រូវបានរៀបចំទុកជាមុន ក៏ព្រោះតែពួកគេមិនពេញចិត្តនឹងសាលក្រមនេះ»។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយមានរយៈពេលជាង៣៣នាទី ចេញពីអគារ Trump Tower កាលពីថ្ងៃសុក្រនោះដែរ លោក ត្រាំ បានលើកឡើងជាថ្មីថាសាលក្រម សម្រេចឱ្យលោកមានពិរុទ្ធ ជាការប៉ុនប៉ងរារាំងកុំឱ្យលោកត្រឡប់ទៅកាន់សេតវិមានសាជាថ្មី និងបង្ហាញថាគ្មានជនជាតិអាមេរិកណាម្នាក់អាចមានសុវត្ថិភាពពី ការចោទប្រកាន់មានបង្កប់ចេតនានយោបាយបាននោះទេ។ លោក ត្រាំ បន្ថែមដូច្នេះថា «ប្រសិនបើពួកគេអាចធ្វើរឿងនេះដាក់ខ្ញុំ ពួកគេក៏អាចធ្វើរឿងបែបនេះដាក់អ្នកផ្សេង បានដែរ»។
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសសវនាការថាជារឿងដ៏អាម៉ាស់ និងបានប្រាប់ទៅកាន់អ្នកគាំទ្ររូបលោកថាលោកជាជនស្លូតត្រង់ គ្មានបានប្រព្រឹត្តអ្វីខុស នោះទេ។ «វាជារឿងដ៏ម៉ាស់។ វាជាសវនាដែលត្រូវបានរៀបចំទុកជាមុនដោយចៅក្រមពុករលួយ ហើយការសាលក្រមសម្រេចពិតប្រាកដគឺនឹងត្រូវធ្វើឡើង នៅខែវិច្ឆិកា ខាងមុខ»។ នេះជាការបរិហាររបស់លោក ត្រាំ ឆ្លើយតបទៅនឹងការសម្រេចរបស់គណៈវិនិច្ឆ័យ៕

...

រូប​ថត​: 1thegioi.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print