ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី
ជំនួបសម្តែងការគួរសម និងជម្រាបលារវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤កន្លងទៅ , នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុង ខណៈដែលលោកបញ្ចប់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា ។
ជាមួយនឹងកិច្ចសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសោកស្តាយក្នុងឱកាសដែល លោកឯកអគ្គរដ្ឋទូត ជម្រាបលា, បេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចាប់ផ្តើមតាំង ពីឆ្នាំ ២០១៨ និងមកដល់ពេលនេះប្រមាណ ៦ ឆ្នាំហើយ, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីស្នាដៃរបស់ លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមវិភាគទានជាច្រើន ក្នុងការលើកកម្រិតកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅ ជាសហគមន៍វាសនារួម កម្ពុជា-ចិន និងបច្ចុប្បន្ននេះ វិវឌ្ឍន៍ជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការ កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និង ស្តង់ដារ ខ្ពស់ ។
នៅក្នុងអាណត្តិបំពេញការងារការទូតរបស់ លោកឯកអគ្គរដ្ឋទូត, សមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានពីហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-ចិន ជាអាទិ៍ ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំ ស្កឹមស្កៃ និងស្រស់ស្អាត, មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈដ៏ទំនើប, ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះ សីហនុ ដែលជាផ្លូវល្បឿនលឿនទី ១ នៅកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, សាលារៀន, ស្ពាន, ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀត ។ ទន្ទឹមនេះ, សំខាន់ជាងគេបំផុត, លោកឯកអគ្គរដ្ឋទូត បានរួមចំណែកយ៉ាងសកម្មចំពោះការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់មិត្តចិនដែលជាបង្អែកយុទ្ធសាស្ត្រក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាអាចបង្កើតបាននូវភាពស៊ាំ សហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ។
ជាការឆ្លើយតប, លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ។ លោកឯកអគ្គរដ្ឋ ទូត បានបន្តថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប ដែលនេះគឺជាកិត្តិយសណាស់សម្រាប់លោកក្នុងការ បំពេញតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រ និងផ្តល់ កិច្ចសហការយ៉ាងល្អជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងស្នើសុំ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បន្តជួយគាំទ្រទៀត នៅក្នុងអាណត្តិបេសកកម្ម ការទូតរបស់ លោកឯកអគ្គរដ្ឋទូតថ្មី ដែលនឹងមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេល ឆាប់ៗខាងមុខ ។
ជាទីបញ្ចប់, ជាមួយនឹងការថ្លែងកោតសរសើរចំពោះស្នាដៃរបស់ លោកឯកអគ្គរដ្ឋទូត, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយក្នុងការរង់ចាំស្វាគមន៍ និងបន្តកិច្ចសហហប្រតិបត្តិការជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូតថ្មី ព្រមទាំងសង្ឃឹមជឿជាក់ថា កម្ពុជា-ចិន នឹងទទួលបានសមិទ្ធិផលជាផ្លែផ្កាច្រើនទៀតពីកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងបានជូនពរ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ
សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អ និងទទួលបានជោគជ័យបន្ថែមទៀតទាំងក្នុងអាជីពការងារ និងជីវិតឯកជន ព្រមទាំងសង្ឃឹមថានឹងមានឱកាសជួបគ្នា និងបំពេញកិច្ចការងារជាមួយគ្នា ក្នុងក្របខ័ណ្ឌណាមួយនៅថ្ងៃខាងមុខ ៕