អន្តរជាតិ ៖ នៅក្នុងឱកាសខួប៣០ឆ្នាំនៃការបង្កើតបណ្ឌិត្យសភាវិស្វកម្មប្រទេសចិន លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតាងនាមមជ្ឈិមបក្សផ្ញើលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មនិងបុគ្គលិកផ្នែកបច្ចេកវិទ្យានិងវិស្វកម្មនៃបណ្ឌិត្យសភាវិស្វកម្ម។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
គេហទំព័រដដែលបានបញ្ជាក់ថា ៖ ថ្លែងក្នុងសារលិខិត លោកXiJinpingបានលើកឡើងថា ៣០ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិន បណ្ឌិត្យសភាវិស្វកម្មប្រទេសចិនបានរួមសាមគ្គីគ្នាបណ្ឌិតសភាចារ្យនិងបុគ្គលិកផ្នែកបច្ចេកវិទ្យានិងវិស្វកម្ម ដើម្បីជំរុញដោយពេញទំហឹងនូវការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាវិស្វកម្ម ពុះពារឧបសគ្គផ្នែកបច្ចេកវិទ្យាដោយឥតឈប់ឈរ កសាងវិស្វកម្មនៃប្រទេសធំ ដេលបានរួមចំណែកដ៏សំខាន់ដល់ការជំរុញការច្នៃប្រឌិតថ្មីនិងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាវិស្វកម្មនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយគុណភាពខ្ពស់។
លោកXiJinpingបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាវិស្វកម្មជាក្បាលម៉ាស៊ីនសម្រាប់ការជំរុញអភិវឌ្ឍនៃសង្គមមនុស្ស សង្ឃឹមថា ឈរលើចំណុចចាប់ផ្តើមថ្មី បណ្ឌិត្យសភាវិស្វកម្មចិនអាចដើរតួនាទីជាកម្លាំងនៃបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ ផ្សព្វផ្សាយស្មារតីរបស់អ្នកវិទ្យាសាស្ត្រ ដឹកនាំការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាវិស្វកម្ម ពន្លឿនការស្រូបយកបច្ចេកទេសស្នូល ពង្រឹងមុខងារនៃធនាគារគំនិតជាន់ខ្ពស់ថ្នាក់ជាតិ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់ និងកសាងប្រទេសខ្លាំងក្លាផ្នែកបច្ចេកវិទ្យាលើពិភពលោក៕
ដោយ ៖ សិលា