ប្រជាពលរដ្ឋស្រុកទឹកផុស ចាប់ផ្តើមអាស្រ័យផលផ្សិតប៉ក់ តាមតំបន់ព្រៃសហគមន៍ស្របតាមរដូវកាលនៃការប្រមូលផល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងរស់នៅក្នុងភូមិកោះខ្ទុម ភូមិតានៃ និងភូមិស្រែចាន ស្ថិតក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នាទៅរកអាស្រ័យផលផ្សិតប៉ក់ នៅតាមព្រៃសហគមន៍ ដែលស្របទៅតាមរដូវកាល គ្រាដែលផ្សិតនេះមានតែមួយរដូវភ្លៀងធ្លាក់ប៉ុណ្ណោះ។

ផ្សិតប៉ក់ ឫផ្សិតផូងផាំង គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា និង មានតម្លៃខ្ពស់ ។ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន ផ្សិតប្រភេទនេះ កើតចេញពីផេះផង់នៃភ្លើងឆេះព្រៃកន្លងមក លុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀង ក៏កើតចេញជាផ្សិតនេះឡើង ។ ផ្សិតប្រភេទនេះ គឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លង មក ហើយបើមិនបានបង្ហាញពីអ្នកធ្លាប់រកផ្សិតនេះទេ នោះយើងមិនអាចរកវាឃើញទេ ។

ប្រជាពលរដ្ឋរៀបរាប់ស្រដៀងគ្នាៗថា ផ្សិតប៉ក់ជារុក្ខជាតិ ម៉្យាងដុះកប់នៅក្នុងដី ហើយក៍ពេញនិយមយកធ្វើម្ហូបអាហារគ្រប់មុខសម្រាប់ទទួលទានតាមតំបន់ ។ ជារៀង រាល់ឆ្នាំដល់ពេលរដូវធ្លាក់ភ្លៀង កំឡុងចុងខែឧសភា ដល់ដើមខែមិថុនា ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តែងតែនាំគ្នាចូលព្រៃសហគមន៍ ដើម្បីរកអាស្រ័យផលផ្សិតប៉ក់នេះ ជាពិសេសនៅតាមតំបន់ព្រៃសហគមន៍ភ្នំជើងលាង ស្ថិតក្នុងដែនជម្រកបរិស្ថានសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង។

ពួកគាត់បន្តទៀតថា ក្នុង១ថ្ងៃអាចរកផ្សិតប៉ក់នេះបានចន្លោះពី ៣គីឡូក្រាម ទៅ ៥គីឡូក្រាម និងបានលក់បន្តទៅឲ្យឈ្មួញដែលឈរចាំទិញបានតម្លៃ១ម៉ឺនរៀល ទៅ១ ម៉ឺន ៥ពាន់រៀល ក្នុង១គីឡូ អាចដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតក្រៅពីធ្វើស្រែចម្ការ។

អនុប្រធានមន្ទីរបរិស្ថាន គ្រប់គ្រងជួរភ្នំឱរ៉ាល់ លោក ឡាយ សំអេត បញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធប្រជាពលរដ្ឋចូលរកផ្សិតប៉ក់ នៅក្នុងដែលសមត្ថកិច្ចរបស់លោក ខាងជំនាញមិនមានការជំទាស់អ្វីទេ ព្រោះគាត់រកនេះស្ថិតក្នុងតំបន់សហគមន៍ គឺពួកគាត់មានសិទ្ធិដកហូតផលអនុផលប្រកបដោយនិរន្តរភាព។

...

ជាមួយគ្នានេះ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋជាអ្នកដកផ្សិត ត្រូវធ្វើយ៉ាងណាសូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ភ្លើង នៅពេលដែលដាំបាយ ឬស្លស្លុកផ្សេងៗសូមឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លើង កុំឲ្យបង្កឲ្យមានជាកាភ្លើងឆេះព្រៃ ។ ព្រោះបើកាលណាភ្លើងឆេះព្រៃ នោះធនធានធម្មជាតិនឹងត្រូវបាត់ បង់ដោយសារភ្លើងឆេះ ។ ម៉្យាងទៀតការបណ្តើរសត្វសុនខ(សត្វឆ្កែ)ចូលទៅនាំឲ្យផ្អើលពពួកសត្វព្រៃ ក្នុងសហគមន៍ដែលមន្ត្រីពាក់ព័ន្ធខិតខំការពារ ទុកជាប្រយោជន៍រួមផងដែរ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print