ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលស្រុកបាកាន បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ គឺលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរងស្រុក បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទុំ ថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។
បេីតាមការបញ្ជាក់ពីលោកអធិការ នាង វុធ បានឲ្យដឹងថា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី១នាក់) ១-ឈ្មោះ ទុំ ថន អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ២-ឈ្មោះ ពៅ អូនរ័ត្ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ៣-ឈ្មោះ មួង ចាន់រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,កូនថង់រំលែកថ្នាំមួយចំនួនធំ ,ប្រដាប់ជក់២កំប្លេ ,ដែកកេះចំនួន៣ ,អំពូលសំរាប់ជក់ចំនួន៤ ,ទុយយោចូករំលែកថ្នាំចំនួន២ ,ទូរសព្ទដៃចំនួន២គ្រឿង ,កន្រ្តៃចំនួន១ ,ប្រអប់ក្រដាសវិចខ្ចប់គ្រឿងញៀនចំនួន១ ,កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន១ ,លុយដុល្លារចំនួន១០០ ដុល្លារ និងលុយខ្មែរចំនួន២៥០.០០០ រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនីតិវិធី៕អរុណរះ