ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូមិត្តភក្តិជិះបាត់មួយយប់មួយថ្ងៃ សង្ស័យខ្លាចឆបោក ប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តាមស្វែងរក ស្រាប់តែប្រទះជួបកំពុងសង្ងំដេកក្នុងបន្ទប់ រីឯម៉ូតូទុកនៅកន្លែងផ្ញើ ឃាត់ខ្លួនឆែកឆេរ ស្រាប់តែរកឃើញមានឧបករណ៍ ឆ្កឹះ គាស់សោ មួយឈុត។
ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង៣នាក់ ៖ ទី១ ឈ្មោះ ថែល សុខហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ ទី២ ឈ្មោះ គីម ហួរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិបុឺស ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ទី៣ ឈ្មោះ ប៊ន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទេពភារម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J-2118 របស់មិត្តភក្តិម្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ យកទៅជិះទិញបាយ បែជាយកទៅឌុបស្រីស្នេហ៍ដើរដេកផ្ទះសំណាក់ បាត់មួយយប់ ព្រឹកឡើង យកទៅផ្ញើ កន្លែងទទួលផ្ញើ ហើយនាំគ្នាទៅសង្ងំដេកក្នុងបន្ទប់ជួលបាត់ ទាំងមិនបានប្រាប់ម្ចាស់ ធ្វើឱ្យម្ចាស់ម៉ូតូ ជាមិត្តភក្តិភ័យខ្លាចចាញ់បោក រត់ទៅប្តឹងសមត្ថកិច្ច ទាំងព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឱ្យជួយស្វែងរក លុះដល់រសៀលថ្ងៃដដែល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងសង្ងំដេកក្នុងបន្ទប់ ឃាត់ខ្លួនសាកសួរ និងឆែកឆេរ រកឃើញមានឧបករណ៍ គាស់ ឆ្កឹះសោ ទើបឃាត់នាំយកទៅប៉ុស្តិ៍ សាកសួរទើបដឹងរឿង ម៉ូតូមិនឆបោកអ្វីទេ ក្រោយពីជិះហើយយកទៅផ្ញើទុក ហើយឡើងទៅសង្ងំដេក តែពាក់ព័ន្ធនឹងសម្ភារៈ សោ ឧបករណ៍ ឆ្កឹះសោ ជនសង្ស័យសារភាព ថាពួកគេទាំង៣នាក់ ធ្លាប់ធ្វើសកម្មភាព ឆ្កឹះសោតាមបន្ទប់ជួល លួចទ្រព្យសម្បត្តិ ។
ជនសង្ស័យទាំង៣នាក់ ផ្អែកលើចម្លើយសារភាព និងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ។ ចំណែកម៉ូតូមួយគ្រឿងខាងលើ ពុំមានពាក់ព័ន្ធ ហើយម្ចាស់សុំយកទៅប្រើប្រាស់វិញ ដោយមិនប្តឹងផ្តល់អ្វីឡើយ ៕ដោយ៖សុខាសែនជ័យ