ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ប៉ើងដំបូល រលំ និងសាលារៀន សាលាឃុំរងការខូចខាតនៅខេត្តស្វាយរៀង ខណៈដែលភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗ នៅរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ ។
យោងតាមអាជ្ញាធរមូលដ្ឋានឱ្យដឹងថានៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ក្នុងនោះប៉ះពាល់ដល់សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ក្នុងហេតុការណ៍នេះ។
ប្រភពបានបន្តទៀតថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ បានធ្វើឱ្យប៉ះពាល់ចំនួន២ឃុំ ក្នុងស្រុករំដួល ទី១-ឃុំ ម៉ឺនជ័យចំនួន១៥៨ខ្នង រងផលប៉ះពាល់ស្រាល១៤២ខ្នង មធ្យម៦ខ្នង ធ្ងន់៩ខ្នង សាលាឃុំមួយខ្នង និងទី២-ឃុំ ស្វាយចេក រងផលប៉ះពាល់ចំនួន៩ខ្នង ស្រាលចំនួន៨ខ្នង ធ្ងន់មួយខ្នង ។
ពាក់ព័ន្ធនឹងករណីខ្យល់កន្ត្រាក់នេះផងដែរ កន្លងមកអាជ្ញាធរខេត្តស្វាយរៀងបានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ សូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវរកទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឱ្យលេងនៅទីវាលពេលមេឃភ្លៀង ព្រោះអាចគ្រោះថ្នាក់ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ៕ ដោយសុថាន