រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនបន្តចូលរួម ផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជានិងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនបន្តចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជានិងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែល លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមជាមួយលោកស្រី ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ដែលយុទ្ធនាការដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌នៃប្រទេសទាំងពីរ និងដើម្បីជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនព័ត៌មានពិតនិងពី សក្កានុពលទេសចរណ៍ បេតិកភណ្ឌនិងវប្បធម៌ដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។ លោកបានប្រសាសន៍ថា ក្រសួង ព័ត៌មានកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន ជាពិសេសបានបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃខេត្តយូណាន។ យើងបានរួមគ្នាប្រកាសនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-យូណាន ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កន្លងមក ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានជាមួយភាគីមិត្តចិនជាច្រើន តាមរយៈអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនានា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាននិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងផ្សារភ្ជាប់នូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ ទស្សនាវដ្ដីខ្មែរ ដែលបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ខេត្តយូណាន បានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនកម្ពុជា-ចិន។ ជាមួយគ្នានេះ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន បាននាំយកខ្សែភាពយន្តភាគ និងបច្ចេកវិទ្យាផ្សព្វផ្សាយទូរទស្សន៍ដ៏ល្អរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីវប្បធម៌ និងប្រពៃណី ដល់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនៃការបើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជាស្ពានសម្រាប់បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក។

លោកស្រីបានរំឭកថា៖ «ឆ្នាំ២០២៣ជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា ខ្ញុំមានកិត្តិយសណាស់ដែលបានដឹកនាំគណៈប្រតិភូមិត្តភាពទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានឈានដល់ការឯកភាពគ្នាមួយចំនួនធំ សម្រាប់ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន-កម្ពុជា។ ខ្ញុំសង្ឃឹមថា តាមរយៈសម្ព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរនឹងជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជ្រុងជ្រោយ រួមគ្នាបង្កើតវេទិកាទំនាក់ទំនង និងសហការគ្នាក្នុងការបង្កើតខ្លឹមសារថ្មីៗ ព្រមទាំងចែករំលែកធនធាន រួមគ្នារៀបចំសកម្មភាពយកបទសម្ភាសន៍ កម្មវិធី Salon ខាងវប្បធម៌ កម្មវិធីផ្លាស់ប្តូរភាពយន្តនិងទូរទស្សន៍ វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសន្ទនារវាងយុវជននិងយុវជនជាដើម ដើម្បីនិទានរឿងរ៉ាវរបស់ប្រទេសចិន និងកម្ពុជាឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងតាមគ្រប់មធ្យោបាយ ជំរុញការតភ្ជាប់បេះដូងប្រជាជន និងប្រជាជន និងសម្រេចបាននូវការអភិវឌ្ឍ «ឈ្នះ-ឈ្នះ» រួមគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print