មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃទី 7 ខែមិថុនាថា សហរដ្ឋអាមេរិកអាចនឹងត្រូវដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសរុស្ស៊ី និងប្រទេសចិន។
លោក Pranay Vaddi មន្ត្រីជាន់ខ្ពស់គ្រប់គ្រងអាវុធនៅក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានអត្ថាធិប្បាយនៅក្នុងសុន្ទរកថារបស់លោកស្តីពី “វិធីសាស្រ្តប្រកួតប្រជែងជាងមុន” ចំពោះការគ្រប់គ្រងអាវុធ។ លោក វ៉ាឌី បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក គឺសំដៅលើការដាក់សម្ពាធក្នុងបរិបទនៃទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បន្តច្រានចោលការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាអំពីដែនកំណត់លើឃ្លាំងអាវុធនុយក្លេអ៊ែរ។
លោក Vaddi បាននិយាយថា «ដោយសារតែការផ្លាស់ប្តូរនៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសជាសត្រូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងទំនងជាត្រូវបង្កើនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ យើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីប្រតិបត្តិប្រសិនបើប្រធានាធិបតីធ្វើការសម្រេចចិត្ត” ។
លោក វ៉ាឌី បានបន្ថែមថា “ប្រសិនបើថ្ងៃនោះមកដល់ វានឹងនាំទៅរកការប្តេជ្ញាចិត្តក្នុងការមានអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីរារាំងប្រទេសជាសត្រូវ។ ដើម្បីការពារប្រជាជនអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក” ។
បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រចំនួន 1,550 នៅក្រោមសន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2010 ជាមួយរុស្ស៊ី។ ទីក្រុងមូស្គូបាន “ផ្អាក” ជាបណ្តោះអាសន្ននូវការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាលពីឆ្នាំមុន ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើរបស់រុស្ស៊ីថា “មិនត្រឹមត្រូវតាមច្បាប់”៕ ដោយធីរីណា
រូបថត: nguoiduatin