ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវ កាល ពីពេលថ្មីៗនេះបានរកឃើញទីតាំងផលិតស្ករត្នោតក្លែងក្លាយ ជាច្រើនកន្លែង ដែល កំពុងធ្វើសកម្មភាពនៅស្រុកបាទី ហើយមក ទល់ពេលនេះ អាជ្ញាធរបានតម្រូវឲ្យម្ចាស់អាជីវកម្មទាំងនោះផ្លាស់ប្ដូរឈ្មោះស្ករ និង សុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ ។
ម្ចាស់ទីតាំងផលិតស្ករត្នោតបំប្លែងពី ស្ករសទៅជាស្ករត្នោតទាំង៣៨ទីតាំងនៅ ក្នុងស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែកក្កដា មន្ត្រីនៃមន្ទីរពាណិជ្ជកម្មមន្ទីរ ឧស្សាហកម្ម មន្ត្រីកាំកុងត្រូល និងអាជ្ញាធរស្រុកបាទីបានទុករយៈពេលពីរខែឲ្យម្ចាស់ទីតាំងទាំងអស់រត់ការច្បាប់នៅមន្ទីរឧស្សាហកម្ម និងត្រូវធ្វើតាមការណែនាំរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងការបំប្លែងស្ករត្នោតមកពីស្ករសនេះ ។
លោក អ៊ុក រី អភិបាលស្រុកបាទី ដែលបានដឹកនាំអង្គប្រជុំបានឲ្យដឹងថា បន្ទាប់ពី ការជួបជុំជាមួយ នឹងម្ចាស់ទីតាំងផលិតស្ករត្នោតទាំង៣៨កន្លែង និងបានស្ដាប់ការ សំណូមពររបស់ពួកគេដោយសុំបន្តផលិតស្ករនេះតទៅទៀត ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃនោះអាជ្ញាធរបានដាក់លក្ខខណ្ឌបួន ចំណុចដល់ពួកគេ គឺទី១-ត្រូវឲ្យពួកគេទៅសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទី២- មិនត្រូវយកកំណាត់ មកដុតជំនួសអុសឬ ធ្យូងនោះទេ ព្រោះកំណាត់មានសារធាតុ គីមី ហើយផ្សែងអាចនឹងរសាត់ចូលខ្ទះស្ករត្នោត ទី៣ – ត្រូវរៀបចំទីតាំងឲ្យមានអនាម័យ ល្អ និងទី៤មិនត្រូវយកខ្លាញ់មកលាយជាមួយនឹងទឹកនិងស្ករសនោះទេ ។
លោកអភិបាលស្រុកបាទីបានបន្តថា ក្រុមប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងផលិតស្ករត្នោតទាំង៣៨កន្លែងនោះ ក៏បានឯក ភាពប្ដូរ ឈ្មោះពីស្ករត្នោត ទៅជាស្ករក្រហម បំប្លែងពីស្ករសផងដែរ។ ម្ចាស់ទីតាំងផលិតស្ករនឹងបិទឈ្មោះនៅលើធុងស្ករដែលពួកគេផលិតរួច ហើយដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងថាស្ករក្រហមនេះបានបំប្លែងពី ស្ករស ។
លោកអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរស្រុក និងមន្ត្រីជំនាញនឹងនាំគ្នាចុះពិនិត្យទីតាំងផលិតស្ករទាំងនោះទៀត នៅក្រោយរយៈពេលពីរខែដែលអាជ្ញាធរបានកំណត់ឲ្យ ហើយបើរកឃើញថាម្ចាស់ទីតាំងមិនអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរទេនោះអាជ្ញាធរនឹងសុំគោលការណ៍ពីអភិបាលខេត្តបិទទីតាំងផលិតនោះតែម្ដង៕
ដោយ៖ ហេង នរិន្ទ្រ