ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុង ឆមាសទី១ ឆ្នាំ២០១៦នេះ ចំនួនអ្នកទេស ចរជនជាតិចិនមកទស្សនាកម្ពុជាបាន កើនឡើង២០ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នា កាលពីឆ្នាំ២០១៥កន្លងទៅ ។
យោងតាមរបាយការណ៍ខាងលើចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា គឺមាន កំណើនទៅដល់ទៅជាង២៥ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ដែលបានមកទស្សនាប្រទេសកម្ពុជា ហើយចំនួនភ្ញៀវទេសចរចិន គឺឈរនៅ លំដាប់ទី១នាំមុខភ្ញៀវទេសចរមកពីប្រទេសវៀតណាម ដែលធ្លាប់នាំមុខបណ្តាឆ្នាំកន្លងមក ។ កំណើនចំនួនអ្នកទេសចរចិនខាង លើនេះ កើតមានចំពេលដែលការបង្កើនជើងហោះហើរផ្ទាល់រវាងកម្ពុជានឹង ប្រទេសចិន ។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ។
ក្រសួងទេសចរណ៍កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជាតិចិន ឲ្យមកទស្សនាកម្ពុជាយ៉ាងហោចណាស់ ចំនួន២លាននាក់ នៅត្រឹមឆ្នាំ២០២០ខាង មុខនេះ។ ហើយតាមរយៈផែនការខាងលើ នេះកម្ពុជាបានរៀបចំការបំពេញបែបបទចេញចូលជាភាសាចិន ការប្រើប្រាស់ភាសាចិននៅចំណតអាកាសយានដ្ឋាន និងនៅលើស្លាកសញ្ញាតាមដងផ្លូវសំខាន់ៗ និងពង្រឹងសមត្ថភាពមគ្គុទ្ទេសក៏ទេសចរភាសាចិន ជាដើម ៕
ដោយ៖ ហេង សូរិយា