ភ្នំពេញ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីប្រគល់វិញ្ញាបនប័ត្រ ដល់មន្ត្រីព័ត៌មានកម្ពុជាពេលបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសរសេរកម្មវិធី និងការប្រើប្រព័ន្ធប្រតិបត្តិការមកពីប្រទេសកូរ៉េ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មានបានបង្កើតក្រុមការងារ អចិន្រ្តៃយ៍ចំនួន៣ក្រុម សម្រាប់ទទួលយកសំណូមពរ របស់ប្រជាពលរដ្ឋ លើប្រព័ន្ធផ្សព្វផ្សាយ ខណៈបច្ចុប្បន្នបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនមានពាក់ព័ន្ធការចុះផ្សាយនូវរូបភាពឃាតកម្ម សាហាវឃោរឃៅ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងអារម្មណ៍ភ័យខ្លាចរបស់ពលរដ្ឋ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា “ក្រុមការងារអចិន្ត្រៃយ៍នេះរួមមាន ក្រុមការងារ ទទួលការរិះគន់លើទូរទស្សន៍, ក្រុមការងារទទួលការរិះគន់លើវិទ្យុ និងក្រុមការងារទទួលការរិះគន់លើកាសែត”។ ក្រុមការងារអចិន្រ្តៃយ៍នេះនឹងរាយការណ៍ក្នុងមួយខែម្តងដល់ស្ថាប័នកំពូលរបស់រដ្ឋរួមមាន៖ ស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីឲ្យស្ថាប័នទាំងនេះ បានដឹងថា ប្រជាពលរដ្ឋបាន ដឹងពីសារព័ត៌មានក្នុងកម្រិតណានោះ។
លោករដ្ឋមន្រី្ត បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលចង់រិះគន់លើបណ្តាញផ្សព្វផ្សាយ របស់ស្ថានីយ៍ ទូរទស្សន៍, វិទ្យុ និងកាសែត ឬពិធីករទូរទស្សន៍ និងវិទ្យុ អាចសរសេរលិខិតមកដាក់នៅក្រសួងដោយផ្ទាល់ ឬផ្ញើតាមប្រព័ន្ធ Whats App ដែលក្រុមការងារនឹងបង្កើតឡើង នៅពេលដែលក្រុមការងារអចិន្រ្តៃយ៍នេះ ត្រូវបានបង្កើតឡើងជាផ្លូវការ។ ចំណែកក្រសួងជាអ្នកហៅម្ចាស់ស្ថានីយទូរទស្សន៍, វិទ្យុ និងកាសែត រួមនឹងពិធីករទូរទស្សន៍ និងវិទ្យុមក ណែនាំប្រសិនបើក្រសួងទទួលមតិរិះគន់ចំពោះបណ្តាញផ្សព្វផ្សាយទាំងនោះ ដោយធ្វើយ៉ាងណាធានា រាល់ការផ្សព្វផ្សាយបានបំពេញតាមវិជ្ជាជីវៈត្រឹមត្រូវដែលប្រជាពលរដ្ឋអាចទទួលយកបាន ៕
ដោយ៖ ប្រាថ្នា