ទីក្រុងបារីស ៖ ដោយមើលឃើញពីស្ថានការណ៍មិនសូវស្រួល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្រេចចិត្តរំលាយសភា និងប្រកាសរៀបចំការបោះឆ្នោតបន្ទាន់ដើម្បីរើសតំណាងរាស្រ្តថ្មី ក្រោយពេលគណបក្ស Renaissance របស់ខ្លួន រងបរាជ័យក្នុងការបោះឆ្នោតសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ AFP នៅថ្ងៃចន្ទទី១០ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ។
យោងតាមលទ្ធផលបឋម គណបក្ស National Rally ដែលដឹកនាំដោយលោក Jordan Bardella មានទំនាក់ទំនងជាមួយលោកស្រី Marine Le Pen បច្ចុប្បន្នកំពុងទទួលបានសំឡេងគាំទ្រ ៣២% ខណៈសម្ព័ន្ធភាពរបស់លោក Macron មានសំឡេងឆ្នោតត្រឹម ១៥%ប៉ុណ្ណោះ។
លោក Macron ធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចេញពីវិមាន Élysée មួយម៉ោង បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទបញ្ចប់។
សារព័ត៌មានផ្សាយថា ៖ តាមសេចក្តីប្រកាសរបស់លោក Macron, ការ បោះ ឆ្នោត ពីរ ដំណាក់កាល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីស។
ក្នុងការបោះឆ្នោតនីតិបញ្ញត្តិចុងក្រោយបំផុតកាលពីឆ្នាំ២០២២ គណបក្សរបស់លោក Macron បានឈ្នះអាសនៈលើសគេ ប៉ុន្តែបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា ដោយបង្ខំឲ្យសមាជិកសភាពិបាកអនុម័តសេចក្តីព្រាងច្បាប់។
តាមការចុះផ្សាយរបស់ AFP ថា ៖ ពាក់ព័ន្ធការសម្រេចចិត្តរំលាយសភានេះ លោក Macron ពន្យល់ថា លោកទទួលស្គាល់ថាលទ្ធផលឆ្នោតបែបនេះ មិនជាមិនល្អសម្រាប់រដ្ឋាភិបាលរបស់ខ្លួន ហើយលោក Macron ក៏ព្រមានអំពីការងើបឡើងនៃកងកម្លាំងជាតិនិយម ដែលនឹងបង្កគ្រោះថ្នាក់ទាំងចំពោះប្រទេសបារាំង និងសហភាពអឺរ៉ុបទាំងមូលផងដែរ។ នេះគឺជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្តែសំខាន់។ លោកជឿជាក់លើប្រជាជនបារាំង ដែលនឹងបង្ហាញពីជម្រើសដ៏ល្អបំផុតសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សជំនាន់ក្រោយ៕