ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីទស្សនៈ ស៊ីខៅឌូ អំពីរបាយការណ៍ស្តីអំពីសេរីភាពសហជីពនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដោយអង្គការសង់ត្រាល់ (សហការជាមួយ CCAWDU និង CATU)។
សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិនិងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ ស៊ីខៅឌូ និងសកម្មភាពរបស់ខ្លួនហើយក៏មានសហជីពនិងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិត កំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហាសេរីភាពសហជីពយើងបាននិងកំពុងជួបឧបសគ្គខ្លះៗដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ផ្លាក និង អង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់។
ចំពោះកិច្ចការទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកម្ពុជាមានស្ថានភាពល្អ និង អាចគ្រប់គ្រងបានដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍កម្មករ និយោជិតឲ្យប្រសើរឡើង។
តួនាទីរបស់ ILO-BFC និងទំនាក់ទំនងជាមួយសហជីពបានបន្តរក្សា និងមានកិច្ចសហការគ្នាប្រកបដោយសំវាទសង្គម។ សហជីពបាននិងកំពុងធ្វើការជាមួយ ILO-BFC ក្នុងកិច្ចការសំខាន់ៗផ្សេងៗ ដូចជា ត្រួតពិនិត្យសិទ្ធិនិងលក្ខខណ្ឌការងារ ការងារអប់រំចំណេះដឹងថ្នាក់ដឹកនាំសហជីព និងការដោះស្រាយបញ្ហាសេរីភាពសហជីពជាបន្តបន្ទាប់ ហើយយើងត្រូវទទួលស្គាល់ថាគ្មានភាគីណាតែម្នាក់ឯង អាចដោះស្រាយបញ្ហាសេរីភាពទូទាំងប្រទេសបានទេ ដូច្នេះយើងគួរចូលរួមដោះស្រាយបញ្ហាទាំងអស់ គ្នាទើបមានប្រសិទ្ធិភាពនិងនិរន្តរភាព។
របាយការណ៍នេះ គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែម ក្នុងការជម្រុញឲ្យសេរីភាពសហជីព កាន់តែប្រសើរប៉ុណ្ណោះ មិនអាចប្រើប្រាស់ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះភាគីណាមួយឡើយ ៕