ខេត្ដកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ លោក ឧកញ៉ា ហួ សុជាតិ និងលោកស្រី ស៊ូ ដាវី, លោកម៉ិល សារឿន និងលោកស្រី មាស ណារី, លោកគួច ណាវ នាយក ប្រតិបត្ដិនាឡិកាស្វ៉ីសរួមជាមួយសប្បុរស ជន អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ចំណុះជើងវត្ដសាលព្រឹក្សហៅវត្ដជង្រុក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានរៀបចំពិធីបុណ្យចូល ព្រះវស្សាតាមប្រពៃណីព្រះពុទ្ធសាសនា ដោយនាំយកទៀនវស្សានិងទេយ្យទាន សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃនិងសម្លៀក បំពាក់ចំនួន១.៧៥០ឈុតយកទៅចែក ជូនដល់ប្រជាកសិករចំនួន៣០០គ្រួសារ ។
លោក គួច ណាវ នាយកប្រតិបត្ដិ នាឡិកាស្វ៉ីសមានប្រសាសន៍លើកឡើងជុំវិញការនាំទេយ្យទានមកប្រគេនព្រះសង្ឃ នៅវត្ដសាលព្រឹក្យថា ពិធីបុណ្យនេះ បានរៀបចំតាមពុទ្ធប្បញ្ញាត្ដិគឺជារៀង រាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ១៥កើត ខែទុតិយាសាឍព្រះសង្ឃនិងពុទ្ធបរិស័ទ ចំណុះជើងវត្ដនីមួយៗតែងតែនាំគ្នារៀបចំធ្វើបុណ្យចូលកាន់ព្រះវស្សាតាមប្រពៃណីនិងទំនៀមទម្លាប់ព្រះពុទ្ធសាសនានៃ យើងដែលមានរយៈពេល៣ខែ ហើយក៏ បានប្រារឰពិធីចេញព្រះវស្សាវិញនៅថ្ងៃពេញបូណ៌មី ១៥កើត ខែអស្សុជពីព្រោះថា អំឡុងពេលព្រះសង្ឃចូលព្រះវស្សាព្រះ អង្គពុំអាចគោចរទៅទីណាឱ្យកន្លងរាត្រី បានឡើយ។
ដោយឡែកលោក ម៉ិល សារឿន មានប្រសាសន៍ថាក្នុងនាមប្រជាពលរដ្ឋម្នាក់និងជាអ្នកគោរពប្រតិបត្ដិព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋនោះ ខ្ញុំរួមជាមួយភរិយាព្រមទាំងកូនចៅ និងលោកគួច ណាវ, លោក ឧកញ៉ា ហួ សុជាតិ, លោកស្រី ស៊ូ ដាវី បានចំណាយ នូវធនធានផ្ទាល់ខ្លួនមួយចំនួនតូចដើម្បីចូលរួមផ្គត់ផ្គង់ព្រះសង្ឃក្នុងឱកាសព្រះ អង្គគង់ចាំព្រះវស្សាអស់កាលត្រីមាស នោះមិនអាចចាកចេញទៅទីជិតឆ្ងាយ ឱ្យកន្លងរាត្រីបានទេ។
លោកបានបន្ដទៀតថា ទេយ្យទាន ដែលបាននាំយកមកប្រគេនព្រះសង្ឃនៅវត្ដសាលព្រឹក្សនាព្រឹកថ្ងៃនេះមានដូចជា ទៀតវស្សា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា មី ទឹកក្រូច សាប៊ូដុំ រួមជា មួយនឹងបច្ច័យប្រគេនព្រះសង្ឃ១១អង្គ នៅវត្ដសាលព្រឹក្សកើតឡើងដោយសទ្ធាជ្រះថ្លានិងស្មារតីសាមគ្គីភាពក្នុងនាម សាសនិកជនដែលតែងតែគោរពប្រតិ បត្ដិព្រះពុទ្ធសាសនាក្នុងគោលបំណង ចូលរួមកសាងនូវសមិទ្ធផលផ្សេងៗ ក្នុងវត្ដទុកជាទីសក្ការបូជារបស់ពុទ្ធបរិ ស័ទចំណុះជើងវត្ដសាលព្រឹក្សទាំងអស់ គ្នា ហើយក៏មានពីធីរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលចែកជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនតាមប្រពៃណីទំនៀម ទម្លាប់ព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទ រៀងៗខ្លួនក្នុងថ្ងៃចូលព្រះវស្សា។
លោកឧកញ៉ា ហួ សុជាតិ មានប្រសា សន៍ថា នៅថ្ងៃនេះដែរខ្ញុំរួមជាមួយ ភរិយាក៏បាននាំយកសម្លៀកបំពាក់ចំនួន១.៧៥០ឈុតដើម្បីបានចែកទានដល់បងប្អូនប្រជាកសិកររស់នៅចំណុះជើងវត្ដ សាលព្រឹក្សហៅវត្ដជង្រុកចំនួន៣០០ គ្រួសារខណៈខែនេះគឺជារដូវស្សាដែល បងប្អូនប្រជាកសិករកំពុងចាប់ផ្ដើមបង្កបង្កើនផលស្រូវរដូវវស្សាផងនោះ។
លោកបានបន្ដទៀតថា ប្រជាពលរដ្ឋ ទាំង៣០០គ្រួសារខាងលើនេះក្នុង១គ្រួសារ ទទួលបានខោអាវ១កញ្ចប់និងថវិកា ចំនួន៣០០០រៀល។ តាជី យាយជី២៥ នាក់ទទួលបានសម្លៀកបំពាក់ម្នាក់ៗ១ សម្រាប់កុមារាកុមារីចូលរួមម្នាក់ៗ ទទួលបានសម្លៀកបំពាក់១សម្រាប់ដូចគ្នានិងសម្លៀកបំពាក់ឈុតកីឡាចំនួន ៦០ឈុតប្រគល់ទៅឱ្យសាលាស្រុកគង ពិសី។
លោកឧកញ៉ាបានបន្ដទៀតថា ចំពោះ ទៀនវស្សានិងទេយ្យទាននានាសម្រាប់ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ដសាលព្រឹក្សមានដូចជា ទៀនវស្សា អង្ករ២បាវ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា មី ទឹកក្រូច សាប៊ូដុំ រួមជាមួយនឹងបច្ច័យ ចំនួន១លាន៦សែន៧ពាន់២០០រយរៀលនិងប្រាកដុល្លារចំនួន៣២៥ដុល្លារ ៕ សារីម