ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយព្រោងព្រាតវត្តមានទូររថភ្លើងជប៉ុនដែលផ្តល់ជូនប្រទេសថៃ សម្រាប់ដំណើរការរត់លើផ្លូវដែនៅតំបន់Chachoengsao និងAyutthaya ប្រទេសថៃចុងឆ្នាំ២០២៤នេះ។ ប្រភពបញ្ជាក់ថា រថភ្លើងនោះ ម៉ាកKiha-40 និងKiha-48 ជាប្រភេទDMU(Diesel Multiple Unit)។
លោកលើកថា ៖ តើ Kiha-40 និងKiha-48របស់ថៃ និងKiha-183របស់កម្ពុជាមានលក្ខណៈដូចម៉េច?
រថភ្លើងទាំងនេះ គឺជាម៉ាកតែមួយ និងប្រភេទតែមួយ គ្រាន់តែឆ្នាំផលិតខុសគ្នាប៉ុណ្ណោះ។
និយាយពីKiha-183 របស់កម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដាន ដំណើរការបើកតេស្តសាកល្បងទូររថភ្លើងប្រភេទ Kiha-183 ចំនួន៤គ្រឿងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី១០៦៧មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកជប៉ុន)មក១០០០មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកកម្ពុជា)។
ក្រុមហ៊ុន Royal Railway Cambodia(RRC) និងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យរួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេស និងRRC បានពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរអោយស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។
ពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះ៖
១- ផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h
២- ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h៕