ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទប្រមាណ៦០នាក់មកពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រមូលគ្នានៅមុខសាលាខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃហើយ គឺថ្ងៃទី១០និងទី១១ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ជាពិសេសមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការបន្ធូរបន្ថយការនេសាទ(អូសលៀស)ព្រោះសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កំពុងជួបផលលំបាក ។
ការស្នើសុំបន្ធូរបន្ថយក្នុងការនេសាទ(អូសលៀស)ពីសំណាក់ប្រជានេសាទខាងលើ គឺនៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានញ្ជើញពួកគាត់ចូលក្នុងសាលាខេត្ត(វេទិកាដោះស្រាយ) ដើម្បីជជែកគ្នាអំពីបញ្ហាដែលបានកើតមាន។ ក្នុងឱកាសនោះប្រជាពលរដ្ឋដែលប្រកបរបរ(ផលនេសាទ)បានលើកម្រាមដៃដប់សុំការជួយបន្ធូរបន្ថយដើម្បីឱ្យពួកគាត់ធ្វើនេសាទបានក្នុងលក្ខខណ្ឌណាមួយ ព្រោះថាពួកគាត់រស់បានអាស្រ័យលើនេសាទ(អូសលៀស)ទាំងស្រុង ដើម្បីយកផលនេសាទដោះស្រាយជីវភាពគ្រួសារ ។
ក្នុងឱកាសនោះដែរ មន្ត្រីជំនាញ លោក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក៏ដូចជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍តបទៅប្រជានេសាទទាំងវិញដែរថា គោលបំណងរបស់ពួកគាត់ចង់សុំធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍រួមផ្សំ(កម្លាំងម៉ាស៊ីន)ក្នុងរដូវបិទនេសាទ ដូច្នេះ ជំហរយើងមិនអាចអនុញ្ញាតបានទេ ដើម្បីទុកឱ្យត្រីពងកូន និយាយរួមកុំឱ្យរងផលប៉ះពាល់ដល់ធនធានជលផល ព្រោះវានាំឱ្យខូចស្រទាប់បាតធនធានជលផល លើកលែងតែពួកគាត់ធ្វើនេសាទដោយអូសដៃ ។ ក្នុងឱកាសនោះទៀត លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ខូយ រីដា បានផ្ដល់អង្ករដល់គាត់ក្នុងម្នាក់ៗចំនួន២០គីឡូក្រាមផងដែរ បើទោះបីជាអង្ករនេះតិចតួចក្តី ក៏អាចជួយសម្រួលស្បៀងបានមួយផ្នែកដែរ ៕ ដោយៈ ប៉ឹម ពិន