ភ្នំពេញ ៖ នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ លោក គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័តបាវិត ស្ថានីយជញ្ជីងអចល័តអង្គស្នួល ស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី ស្ថានីយជញ្ជីងអចល័តរាជានុកូល និងស្ថានីយជញ្ជីងអចល័តអូរពោធិ៍។
ការកែសម្រួលមន្រ្តីនៅតាមស្ថានីយជញ្ជីង គឺក្នុងគោលបំណងពង្រឹងការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗ។ ជាមួយគ្នានេះ មន្ត្រីរបស់ក្រសួង ដែលបានកែសម្រួលផ្លាស់ទៅទីតាំងស្ថានីយថ្មី ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មេីសនៃការដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កេីនសាមគ្គីភាព និងកិច្ចសហការរវាងអង្គភាពចម្រុះ ដែលបំពេញការងារក្នុងស្ថានីយជញ្ជីង ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។
ថ្លែងក្នុងពិធី លោកប្រធាន បានផ្តាំផ្ញើដល់មន្រ្តីដែលកែសម្រួលសមាសភាពថ្មីឱ្យខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសហការជាមួយមន្រ្តីមានសមត្ថកិច្ចអនុវត្តតាមបទបញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕