ករណីភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់កំពង់ភ្លុក កម្លាំងចម្រុះបានគ្រប់គ្រងស្ថានការណ៍ស្ទើតែទាំងស្រុងហើយ ខណៈមូលហេតុដោយសារពលរដ្ឋចូលដុតព្រៃរកឃ្មុំខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តសៀមរាប ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ភ្លើងឆេះព្រៃលិចទឹកក្នុងតំបន់៣ នៃឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរលត់ស្ទើតែទាំងស្រុងហើយ ហើយនៅសល់តិចតួចកម្លាំងចម្រុះកំពុងបន្តពន្លត់ពន្លត់ ព្រោះព្រៃក្រាសគ្មានផ្លូវធ្វើឱ្យពិបាកយករថយន្តពន្លត់អគ្គិភ័យចូល ដោយឡែកចំពោះមូលហេតុនៃការកើតមានភ្លើងឆេះនេះ អាជ្ញាធរស្រុកបញ្ជាក់ថា ដោយសារមកពីប្រជាពលរដ្ឋដុតភ្លើងយកឃ្មុំខ្វះការប្រុងប្រយ័ត្ន។ នេះបើយោងតាមការបញ្ជាក់ពីអង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប ។

បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ករណីភ្លើងឆេះព្រៃលិចទឹកនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំនុចត្រពាំងហីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលការឆេះនេះបានបណ្ដាលឲ្យខូចខាតព្រៃលិចទឹកប្រហែល ១០ហិកតា ប៉ុន្តែងមិបានប៉ះពាល់ដល់លំនៅដ្ឋាន និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។

លោកអភិបាលស្រុក ក៏បានឲ្យដឹងថា គិតត្រឹមព្រឹកនេះដែរ ប្រតិបត្តិការណ៍ពន្លត់មានការចូលរួមកម្លាំងចម្រុះសរុបជាង៤០០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង គ្រឿងចក្រអាអិចហ្ការ២គ្រឿង, ត្រាក់ទ័រ១គ្រឿង រួមនឹងម៉ាស៊ីបូមទឹក និងឧបករណ៍ពន្លត់ភ្លើងព្រៃរបស់សហគមន៍នេសាទមួយចំនួនទៀតផងដែរ។

ជាមួយនឹងករណីនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលចូលព្រៃរកឃ្មុំ ឬធ្វើអ្វីមួយ សូមពន្លត់ភ្លើងឲ្យរលត់អស់មុននឹងចេញពីព្រៃ ឬនៅតំបន់ជិតនោះ។ ស្របជាមួយគ្នានោះ អាជ្ញាធរស្រុកនឹងធ្វើការស្នើសុំទៅថ្នាក់លើ ធ្វើការឈូសផ្លូវភ្លើងដើម្បីកាត់ផ្ដាច់ ការពារលំនៅដ្ឋានពលរដ្ឋក្នុងភូមិនៅពេលមានករណីភ្លើងឆេះព្រៃដោយយថាហេតុណាមួយ ពីព្រោះតំបន់នេះលំនៅដ្ឋានពលរដ្ឋ និងព្រៃ គឺនៅជាប់នឹងគ្នា និងបន្តជីកបង្កើតប្រព័ន្ធផ្លូវកាត់ព្រៃក្នុងតំបន់នោះ ដើម្បីបង្កការងារស្រួលក្នុងការចូលពន្លត់ពេលមានករណីភ្លើងឆេះ ពីព្រោះព្រៃនេះមានកម្រាស់ក្រាស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print