ការដ្ឋានកាយដីបូមខ្សាច់បែបអនាធិបតេយ្យនៅខេត្តពោធិ៍សាត់ មន្រ្តីមន្ទីរស្ថាប័នជំនាញឆ្លើយដាក់គ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់បានលើកឡើងស្រដៀងៗគ្នាថា ការដ្ឋានកាយដីបូមខ្សាច់ តាមតំបន់នានា ជាពិសេសតាមដងស្ទឹងពោធិ៍សាត់តែម្ដង កំពុងរងការបំផ្លិចបំផ្លាញសោភណភាពដងស្ទឹង ផ្លូវថ្នល់ លូ ស្ពានតូចៗ។ល។ និងផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ ជាពិសេសធនធានរ៉ែតែម្ដង ។

ប្រភពរាយការណ៍ឱ្យដឹងទៀតថា ជាក់ស្ដែងគេសង្កេតឃើញមានការដ្ឋានកាយបកដី បូមយកដីខ្សាច់ដែលមានទីតាំងអមសងខាងដងស្ទឹងពោធិ៍សាត់ ដូចជានៅក្នុងដែនសមត្ថកិច្ចសង្កាត់លលកស និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ឃុំបាក់ចិញ្ចៀន ឃុំសំរោង ឃុំព្រងឹល និងឃុំលាច ស្រុកភ្នំក្រវាញ ចំណែកតាមបណ្ដាឃុំខ្លះនៃស្រុកបាកានក៏មានការដ្ឋានកាយដីបូមខ្សាច់ដូចគ្នាដែរ ។ ទីតាំងការដ្ឋានបូមយករ៉ែ(ដីខ្សាច់)និមួយៗខាងលើ ភាគច្រើនគេឃើញកាយយកអាចម៍ដីចេញទើបបូមយកខ្សាច់ ទីតាំងខ្លះកាយបកយកដីចេញដូចគ្នាដែរ ប៉ុន្តែជាប់ច្រាំងស្ទឹងតែម្ដង នេះហើយជាការបំផ្លិចបំផ្លាញសោភណភាពស្ទឹង បាក់ស្រុតផ្ទះសម្បែងប្រជាពលរដ្ឋ ដែលករណីនេះគេពុំដឹងថា ថៅកែទាំងនោះគាត់មានសិទ្ធិបូមខ្សាច់ច្រាំងស្ទឹងឬគាត់ទិញដីពីនរណា ហើយនរណាមានសិទ្ធិលក់នោះ? ទីតាំងមួយចំនួនទៀតឃើញបូមក្នុងស្ទឹងដែរ ប៉ុន្តែគេពុំដឹងថាត្រូវស្តង់ដារឬយ៉ាងណានោះទេ។

ប្រភពបញ្ជាក់ទៀតថា ក្រុមថៅកែការដ្ឋានបូមខ្សាច់ភាគច្រើនដីខ្សាច់បាន ដឹកជញ្ជូនតាមរថយន្តធុនធំៗទៅកន្លែងផ្សេងដើម្បីលក់បន្ត។ បញ្ហានេះនាំឱ្យខូចខាតផ្លូវថ្នល់ ខូចលូ ស្ពានតូចៗ ថែមទាំងចាក់ដីបិទភ្ជឹតស្ពានតូចៗទាំងនោះទៀតផង។ ជាពិសេសជាងនេះទៅទៀតនោះពេលដឹកដីខ្សាច់បានជ្រុះហុយរកដកដង្ហើមស្ទើរតែពុំរួច ។ បញ្ហាទាំងនេះគេពុំដឹងថាក្រុមឈ្មួញមានសិទ្ធិប៉ុនណានោះទេ បានជាពួកគាត់ធ្វើអាជីវកម្មគ្មានគិតអំពីផលប៉ះពាល់ដល់ប្រជាជនបែបនេះ ។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋលើកឡើងអំពីផលប៉ះពាល់ពីសំណាក់ថៅកែការដ្ឋានកាយដីបូមខ្សាច់នេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ តាមរយៈ(តេឡេក្រាម)ពុំបានទេ ព្រោះមានអ្នកចូលមើលហើយតែគ្មានអ្នកឆ្លើយតប។ ចំណែកលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈ(តេឡេក្រាម)បានឆ្លើយតបសំណួរថា រណ្ដៅបូមខ្សាច់ និងដឹកជញ្ជូននេះ មានអាជ្ញាប័ណ្ណពីមន្ទីររ៉ែនិងថាមពល។ ដោយឡែក លោក សេង ប៊ុនថុល ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់បានឱ្យដឹងតាមរយៈវា៉ត់អាប់ថា ក្រុមហ៊ុនទាំងអស់សុទ្ធតែមានអាជ្ញាប័ណ្ណ ចេញដោយក្រសួងខ្លះ និងខេត្តខ្លះ ហើយមុននឹងចេញអាជ្ញាប័ណ្ណ តម្រូវឱ្យមានការវាយតម្លៃពីក្រសួងបរិស្ថានឬមន្ទីរបរិស្ថាន កិច្ចសន្យាការពាររបរ ហើយការធ្វើអាវកម្មគឺមានការធ្វើអធិការកិច្ចពីសំណាក់មន្រ្តីក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពល ជាប្រចាំផងដែរ ។

...

ជុំវិញបញ្ហាខាងលើ អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)នឹងព្យាយាមចុះស្រាវជ្រាវរកព័ត៌មានពិត តាមក្រុមហ៊ុនបូមខ្សាច់ជាបន្ត ខណៈដែលមានតម្រុយលេចឮពុំសូវល្អប៉ុន្មានថា ថ្នាក់ក្រសួង(ប៉ុន្តែគេពុំដឹងក្រសួងអ្វីទេ)ចុះតាមរណ្ដៅបូមខ្សាច់ គុណលុយយកទៅបាត់ មិនត្រឹមតែប៉ុណ្ណោះក៏មានបុគ្គលផ្សេងអង្គុយចាំហែកបុងដើម្បីស៊ីភាគរយ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print