ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា នៅមុនកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនលើកទី១ ប្រព្រឹត្តទៅនៅទីក្រុងកៀវកាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះបាននិយាយថា ខ្លួនចង់ឱ្យរុស្ស៉ីចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ដើម្បីសម្រេចឱ្យបាននូវផែនការជាលក្ខណៈអន្តរជាតិមួយឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។
ទីក្រុងមូស្គូ បាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែន ដែលនឹងប្រព្រឹត្តទៅនៅចុងសប្ដាហ៍នេះទេ ហើយក៏មិនត្រូវបានអញ្ជើញឱ្យចូលរួមដោយប្រទេសស្វីសដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះនោះដែរ ខណៈអ៊ុយក្រែនវិញចង់សម្រេចឱ្យបានលទ្ធផលមួយចំនួនពីកិច្ចប្រជុំនេះដើម្បីបោះជំហានទៅរកការរៀបចំ កិច្ចប្រជុំកំពូលលើកទី២។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប នាយខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គឺលោក Andriy Yermak បានបញ្ជាក់ថាសម្រាប់កិច្ចប្រជុំកំពូលលើកទី២ អ៊ុយក្រែននឹងធ្វើការជាមួយគ្រប់ប្រទេសជាដៃគូ និងបណ្ដាប្រទេសទាំងអស់ដែលចាប់អារម្មណ៍ចង់ចូលរួម។ «យើងកំពុងរៀបចំផែនការដើម្បីឱ្យទាំងអស់គ្នាចូលរួម ក្នុងផែនការមួយដែល ទទួលបានការគាំទ្រពីបណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ ហើយយើងកំពុងសម្លឹងរកមើលលទ្ធភាពសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ជាមួយការអញ្ជើញអ្នកតំណាងរបស់រុស្ស៉ីឱ្យចូលរួមដែរ»។ នេះជាការបន្ថែមរបស់លោក Andriy Yermak។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។ ប្រទេសនិងអង្គការអន្តរជាតិចំនួន១៦០ត្រូវបានអញ្ជើញឱ្យ ចូលរួមដោយស្វីសដែលជាម្ចាស់ផ្ទះ ហើយមកទល់នឹងពេលនេះមានប្រទេសចំនួន៩០ ត្រូវបានបញ្ជាក់ថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕ ដោយធីរីណា
រូបថត: tienphong