សម្តេចប្រធានព្រឹទ្ធសភានិងសហភាពអឺរ៉ុប ឯកភាពគ្នាថា ត្រូវតែមានតុចរចារមួយ ដើម្បីបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) បានពិភាក្សាអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលសុទ្ធតែមានការយកចិត្តទុកដាក់ដូចគ្នា។ លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គម។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ។ ជាមួយគ្នានោះ សម្តេចលើកឡើងថា ត្រូវតែមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។

ចំណែកឯលើបញ្ហាសង្គ្រាមរុស្សីនិងអ៊ុយក្រែន សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។

សម្ដេចតេជោ បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា សម្តេចក៏កំពុងតាមដានមើលលទ្ធផលនៃកិច្ច ប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print