ភ្នំពេញ៖ Bosch ដែលជាក្រុមហ៊ុន ឈានមុខគេនៅលើពិភពលោក បានធ្វើអាជីវកម្មផ្តត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្ម របស់ខ្លួននៅកម្ពុជា បានទទួលលទ្ធផលយ៉ាងខ្លាំងក្លា ហើយសម្រាប់សារពើពន្ធឆ្នាំ២០១៥ មានកំណើនជាវិជ្ជមាន ដែលនេះជាឆ្នាំទី៥ ដែល Bosch ទទួលបានកំណើនតួលេខជាភាគរយពីរខ្ទង់ជាប់ៗគ្នា
អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំនៅកម្ពុជា លោក Andre de Jong បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន របស់ Bosch ប្រចាំឆ្នាំ២០១៦ ថា ៖ កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាងប្រាំពីរភាគរយក្នុងអំឡុងពេលជាងប្រាំឆ្នាំមកនេះ ជាពិសេសយើងឃើញមានកំណើនគួរឲ្យកត់សំគាល់ក្នុងវិស័យសំណង់ និងយានយន្ត។
លោកបន្តថា ៖ ក្រុមហ៊ុនបាននាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាយានយន្ត ប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ ជាងជំនាញ Bosch បានពង្រីកនូវការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់កំរិតស្តង់ដាគុណភាពក្នុងវិស័យទាំងពីរខាងលើនេះ។ លោកបានលើកឡើងទៀតថា លើគ្រប់វិស័យអាជីវកម្មទាំងអស់របស់ Bosch នៅឆ្នាំ២០១៥ វិស័យអាជីវកម្មផ្នែកបច្ចេកវិទ្យាយានយន្តរបស់ Bosch នៅកម្ពុជា នៅតែបន្តទទួលបានកំណើនជាវិជ្ជមានស្របគ្នាទៅនឹងការរីកចម្រើនរបស់វិស័យយានយន្តនៅកម្ពុជា។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនយានជំនិះ ដែលបានចុះបញ្ជីថ្មី នៅក្នុងឆ្នាំ២០១៥ មានកំណើន ១៤ភាគរយ ដែលចំនួនសរុបបានកើនដល់ ៣,២លានគ្រឿង ក្នុងនោះទោចក្រយាន្ត មានចំនួនប្រមាន ២,៧លានគ្រឿង។
លោក De Jong បានមានប្រសាសន៍ ទៀតថា ៖ កំណើននេះធ្វើឲ្យយានយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែចម្រុះម៉ូដម៉ាក។ Bosch គាំទ្រការអភិវឌ្ឍន៍នេះដោយពង្រីកនូវប្រភេទផលិតផលបន្ថែមជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ទីផ្សារ។ ជាពិសេសនៅក្នុងឆ្នាំនេះក្រុមហ៊ុនបានចាប់ផ្តើមផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យានយន្តធន់ធំ ដែលស្របគ្នាទៅនឹងគោលការណ៍របស់ក្រសួងសាធារណការ ដែលកំពុងជំរុញ ពង្រឹងសុវត្ថិភាព យានយន្តធន់ធំ ដែលកំពុងធ្វើចរាចរណ៍នៅកម្ពុជា។
គួរបញ្ជាក់ដែរថា Bosch ធ្វើអាជីវកម្មផ្នែកនេះមានការរីកលូតលាស់ក្នុងកម្រិតនេះក៏ដោយសារកំណើនដ៏ខ្ពស់នៃវិស័យសំណង់នៅកម្ពុជា ដែលការវិនិយោគនៅទូទាំងប្រទេសកើនដល់ទៅ ៣៣ភាគរយ ស្មើនឹង ៣,៣ប៊ីលានដុល្លារ សហរដ្ឋអាមេរិក។ Bosch មានគោលដៅគាំទ្រដល់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នៃវិស័យសំណង់ នៅកម្ពុជា ហើយយល់ថា ការរីកចម្រើននេះនឹងអាចមានសន្ទុះកាន់តែលឿនប្រសិនបើអ្នកសាងសងអាចមានឧបករណ៍ ដែលសាកសមបំផុតសម្រាប់គាត់។ Bosch បានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងសន្តិសុខ សម្រាប់គម្រោងអគារពាណិជ្ជកម្ម ខុនដូរ និងសណ្ឋាគារ ជាច្រើន ផងដែរ។ កាម៉េរាសុវត្ថិភាពនិង ប្រព័ន្ធសោរទ្វាសុវត្ថិភាព ជាផលិតផល ដែលរកប្រាក់ចំណូលបានច្រើនជាងគេ៕
ដោយ៖ វឌ្ឍនា