ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងអំពីការអភិវឌ្ឍន៍និងត្រូវចាប់យកនូវបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំង។ សម្ដេចធិបតីថ្លែងថាបើយើងចង់បានឯករាជ្យគឺត្រូវតែរៀនរស់ដោយខ្លួនឯង។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ លីមកុកវីង ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យរបស់កម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាឧទាហរណ៍មួយដើម្បីបង្ហាញអំពីការខិតខំប្រឹងប្រែងរៀនរស់ដោយខ្លួនឯង ព្រោះថាក្នុងស្ថានភាពដ៏លំបាកជាសាកលបែបនេះមិនមានបរទេសណាមកជួយកម្ពុជាជាងកម្ពុជានោះទេ។
ដោយថ្លែងអំពីចក្ខុវិស័យទៅថ្ងៃអនាគតក្នុងការនាំកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ សម្ដេចធិបតីបានលើកឡើងថាកម្ពុជាបានវិវឌ្ឍដល់ដំណាក់កាលថ្មីមួយទៀត ដែលមានមហិច្ឆតា និង វិសាលភាពធំទូលាយជាងមុន សំដៅលើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ និងគុណភាព ទាំងជំនាញរឹង និង ជំនាញទន់ ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិត នៅគ្រប់កម្រិតនៃការអប់រំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបន្តថា៖ «បើចង់ឯករាជ្យ ត្រូវតែប្រឹង និងរស់ដោយខ្លួនឯង ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដើម្បីអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ»។
សម្ដេចធិបតីបានលើកឡើងថារាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាកំណត់នូវអ្វីៗទាំងអស់របស់កម្ពុជា។ ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះគឺត្រូវតែធ្វើការអភិវឌ្ឍន៍ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសកលលោក ហើយនៅពេលដែលកម្ពុជាកាន់តែមានសមត្ថភាពនោះគឺកម្ពុជាអាចភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិក៏កាន់តែខ្លាំងផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការប្រៀបធៀបថា បើសិនមិនមានធនធានមនុស្សរវើកទេនោះ ប្រៀបបានដូចជាកុំព្យូទ័រមួយដែលគេផលិតឡើង មិនបានធ្វើកំណែទម្រង់ថ្មី (Update) នោះដែរ ពោលនៅត្រឹងមួយកន្លែងមានការរីកចម្រើនឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម៉ាស៉ីនកុំព្យូទ័រគេធ្វើមកទំនើបណាស់ ប៉ុន្ដែបើគ្មានមនុស្សធនធាន ដែលអាប់ឌែតធ្វើកម្មវិធីថ្មីទេ កុំព្យូទ័រនេះនឹងនៅតែប៉ុណ្ណឹង។ ប្រទេសយើងដូចគ្នា បើយើងចង់ឲ្យប្រទេសយើងវិវឌ្ឍន៍រីកចម្រើនជានិច្ចទាល់តែមានធនធានមនុស្សដែលរស់រវើក បើយើងនៅហ្នឹង យើងនឹងថយ បើប្រៀបធៀបប្រទេសផ្សេងនៅជុំវិញយើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឥលូវពិភពលោកនិយាយពីសម័យបច្ចេកវិទ្យាថ្មី ឌីជីថល AI ដូច្នេះបើកម្ពុជាមិនបានរៀបចំថ្នាល់បណ្ដុះបណ្ដាល ដើម្បីត្រៀមដើរឲ្យទាន់ឌីជីថល និង AI ទេនោះ មិនទៅរួចទេ ហើយនឹងដើរក្រោយគេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានដាក់ចេញគោលនយោបាយរួម ជាមួយវិស័យឯកជនជាច្រើនគិតគូរបែបនេះ ដើម្បីបណ្ដុះបណ្ដាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្ស ជួយកាត់គម្លាតនៃការអភិវឌ្ឍជាមួយប្រទេសដទៃ។ សម្ដេចបានកត់សម្គាល់ និងបង្ហាញមោទនភាពថា ឥឡូវនេះកូនខ្មែរមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ ដោយមិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ ហើយត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត ៕