ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ កម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈស្ពានអាកាសភ្លោះនេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
-សម្តេចធិបតី ថ្លែងថា នៅពេលដែលចំនួនប្រជាជនមានការកើនឡើងនៅក្នុងទីក្រុង គឺតម្រូវឱ្យមានការពង្រីកផ្លូវ ស្ពាន ស្ពានអាកាស រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។
-សម្ដេចធិបតី ថ្លែងថា កំណើនពលរដ្ឋ និងជីវភាពពលរដ្ឋកាន់តែប្រសើរ ធ្វើឱ្យភ្នំពេញ និងខេត្តជាច្រើន កំពុងប្រឈមនឹងកង្វះខាតកន្លែងចតយានយន្ត។
-សម្តេចធិបតី ថ្លែងថា ភាពសម្បូរបែបនៅក្នុងរាជធានី និងទីក្រុង គឺបានបញ្ជាក់យ៉ាងច្បាស់ពីការរីកច្រើនរបស់ប្រទេសកម្ពុជាទាំងបរិមាណ និងគុណភាព។
-សម្ដេចធិបតី ថ្លែងថា ដរាបណាកម្ពុជានៅតែមានស្ថិរភាព និងសន្ដិភាពនោះការអភិវឌ្ឍរីកច្រើននឹងនៅតែមានបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា មានស្ថិរភាព មានសុខសន្តិភាពអង្វែងយូរ នឹងធ្វើឱ្យមានកំណើនពលរដ្ឋ ហេតុនេះភ្នំពេញ និងខេត្តកណ្ដាល នឹងបន្តរីកបន្ថែមទៀត។
-សម្តេចធិបតី ថ្លែងណែនាំដល់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធត្រូវគិតគូរឱ្យហើយអំពីច្បាប់លើការផ្គត់ផ្គង់ហ្គាសចូលក្នុងផ្ទះ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាពេលខាងមុខ ខណៈអគារខ្ពស់ៗ ជាច្រើនកំពុងតហ្គាសចូលទៅក្នុងផ្ទះដើម្បីប្រើប្រាស់។
-សម្តេចធិបតី ថ្លែងណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់លាស់ចំពោះគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដើម្បីជៀសវាងការសាងសង់ជាន់ពីលើផ្លូវដែលមានស្រាប់។
-សម្តេចធិបតី ថ្លែងសារជាថ្មីម្ដងទៀតថា ដោយជំរុញឱ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង ដោយហ៊ានងើបមួយក្រុមបង្រ្កាបមួយ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាត្រូវពង្រឹង និងពង្រីកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចធិបតីបន្ថែមថា ត្រូវខិតខំបង្ខិតសេវាដឹកជញ្ជូនសាធារណៈជាពិសេសរថយន្តក្រុងឱ្យទៅដល់ក្បែរផ្ទះពលរដ្ឋរស់នៅតែម្ដង។
-សម្ដេចធិបតី ថ្លែងថា សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនខ្ពស់ឡើងវិញ ដោយសារកាលពីឆ្នាំ២០២៣ មានកំណើនប្រមាណ ៥ ភាគរយ, ឆ្នាំ២០២៤ រំពឹងកំណើនខ្ពស់ ហើយនៅឆ្នាំ២០២៥ ក៏កាន់តែមានកំណើនខ្ពស់ថែមទៀត។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់វិស័យឯកជន គួរបោះទុនវិនិយោគលើការសាងសង់កន្លែងចតរថយន្ត ដែលកំពុងតែប្រឈមនឹងកង្វះខាតកន្លែងចតច្រើននៅក្នុងពេលបច្ចុ ប្បន្ននេះ។
-សម្តេចធិបតី ថ្លែងថា ការស្ថាបនា ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រ សព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលគឺជាការគិតគូរទុកជាមុនរបស់រាជរដ្ឋាភិបាលដែលទៅថ្ងៃអនាគតតំបន់នេះនឹងមានកំណើនប្រជាជនកាន់តែច្រើន។
-សម្តេចធិបតី ថ្លែងថា រដ្ឋាភិបាលគ្មានគោលការណ៍ហាមពលដ្ឋមិនឱ្យទិញរថយន្តច្រើននោះទេ គឺរដ្ឋមានតែខិតខំដោះស្រាយបញ្ហាគមនាគមន៍ឱ្យបានល្អជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការកកស្ទះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា កម្ពុជាមិនទាន់ឈានដល់ការហាមឃាត់ផ្ទះមួយ ត្រូវមានរថយន្ត ឬម៉ូតូប៉ុន្មានគ្រឿងនៅឡើយនោះទេ។ រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាប្រ ឈមលើប្រព័ន្ធគមនាគមន៍សម្រាប់ធ្វើដំណើរឱ្យកាន់តែប្រសើរថែមទៀត។
-សម្ដេចធិបតី ថ្លែងថា ការកំណត់លើអាយុកាលប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹងលើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់។
-សម្តេចធិបតី ថ្លែងថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេច ថ្លែងថា មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ។
-សម្ដេចធិបតី ថ្លែងថា មោទនភាពរបស់យើង គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ធំៗកម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ សម្ដេចធិបតី បន្ថែមថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ។
-សម្តេចធិបតី ថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ រាជធានីភ្នំពេញ បានពង្រីកទាំងបរិមាណ និងគុណភាព ដោយក្នុងនោះ ផ្ទៃដីរបស់ទីក្រុងបានកើនឡើងពី ៣០០ គីឡូម៉ែត្រការ៉េ ដល់ជាង ៧០០ គីឡូម៉ែត្រការ៉េ ដោយបានកាត់ផ្នែកខ្លះនៃខេត្តកណ្តាលបញ្ចូលមករាជធានីភ្នំពេញ។ ការពង្រីកផ្ទៃដីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការកើនឡើងនៃចំនួនអ្នករស់នៅក្នុងទីក្រុង។
-សម្តេចធិបតី ថ្លែងថា រាជធានីភ្នំពេញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋជាង ៣ លាននាក់កំពុងរស់នៅ និងប្រកបការងារនៅក្នុងទីក្រុង ខណៈបរិមាណផ្ទៃដីទីក្រុង និងគុណភាព ត្រូវបានពង្រីកជាបន្តបន្ទាប់។
-សម្តេចធិបតី ថ្លែងគូសបញ្ជាក់ថា៖« បរិមាណសំដៅទៅលើចំនួន ផ្ទៃដីរាជធានីភ្នំពេញបានកើនពី ៣០០គីឡូម៉ែត្រការ៉េ ទៅជាង ៧០ម៉ឺនគីឡូម៉ែត្រការ៉េ។ គុណភាពសំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាព ក្នុងនោះកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់កន្លែង ជាពិសេស ភ្នំពេញកើនឡើងជាបន្តបន្ទាប់»។
-សម្តេចធិបតី ថ្លែងបន្ថែមថា បេីទោះបីជាមានការប្រឈមនាពេលថ្មីៗនេះ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិក៏ដោយ ប៉ុន្តែបើប្រៀបធៀបពីការអភិវឌ្ឍន៍រយៈពេលតែទសវត្សរ៍ ក្រោយពីសង្គ្រាមមកឃើញថា ជីវភាពរស់នៅទូទាំងប្រទេស ព្រមទាំងនៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់៕ដោយ៖តារា