ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញមុខសញ្ញាចោរលួចយ៉ាងសកម្មចំនួន២នាក់ជាបន្តបន្ទាប់ ក្រោយចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុច ផ្លូវលេខ៥២២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នឹងផ្លូវ១២៦ ភូមិ២ ក្រុម១៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយ លោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាសកម្មចំនួន០២នាក់។
ជនសង្ស័យទី១-ឈ្មោះ សុក កក្កដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥៧ ផ្លូវលេខ៩០០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី២-ឈ្មោះ ចាន់ សុធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានី
ភ្នំពេញ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន។ ចំណែកសម្ភារចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AB-2219 (ស្លាកលេខមិនប្រក្រតី), ទួណឺវីសដងជ័រ ចំនួន១, កូនសោចិញ្ចៀនកែច្នៃ ចំនួន១ និងដែកឆាបដងឈើចំនួន១។
ក្រោយឃាត់ខ្លួនជនសង្ស័យ ចំពោះម៉ូតូដែលបានដកហូតខាងលើ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជូនម្ចាស់ដើមវិញហើយ។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រៀមបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា