ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។
ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។
ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ គឺជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ បើតាមលោក សួស ប្រាថ្នា ដំណាក់កាលនេះ គឺជាការឈានទៅដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប ដែលកាលណោះមិនទាន់ក្លាយជាក្រុងនៅឡើយ។
ដំណាក់កាលទី២ គឺឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលជាដំណាក់កាលដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យ ប្រជាពលរដ្ឋនៅស្រុកទាំងពីរ ដែលទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួង ស្ថាប័នចំនួន៨ ខណៈដំណាក់កាលទី៣ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ជាដំណាក់កាលនៃការពង្រីក វិសាលភាពការិយាល័យច្រកចេញចូលតែមួយទៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន៣៦គោលដៅ នៅទូទាំងប្រទេសក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុង ស្រុក ខណ្ឌគោលដៅទាំងអស់បានទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួងស្ថាប័នចំនួន១០ និងមានប្រភេទសេវាជាង២០០ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។
ចំណែកដំណាក់កាលទី៤ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ គឺជាដំណាល់កាលនៃការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានទៅកាន់ស្រុកគោលដៅចំនួន ១០បន្ថែម និងខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌបន្ថែមទៀត ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង សម្រាប់ការសាងសង់ ការជួសជុលអគារ ការបំពាក់សម្ភារ បរិក្ខារ និងការគាំទ្រលើការចំណាយប្រតិបត្តិការរដ្ឋបាល នានាជាដើម ទោះបីជាការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍ត្រូវបានបញ្ចប់ក៏ដោយ។
ចុងក្រោយគេ គឺដំណាក់កាលទី៥ ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គឺផ្អែកលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តទាំង៤ដំណាក់កាល ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានសម្រេចបង្កើតឡើងនៅទូទាំងប្រទេស ដោយអនុក្រឹត្យលេខ១៨ និង អនុក្រឹត្យលេខ១៩ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងសន្និសីទកាសែតដដែលនោះ ឯកឧត្តមអគ្គនាយករដ្ឋបាល បានអះអាងថា បច្ចុប្បន្ន យន្តការច្រកចេញចូលតែមួយត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។
សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅនីតិកាលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យ គោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕