ភ្នំពេញ ៖ បើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំប្រកាសកែសម្រួលសមាសភាពក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង និងបន្តពិនិត្យ ពិភាក្សាលើរបៀបរបបការងារ និងរចនាសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយករងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះដែរ លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ ដល់សមាជិកថ្មីទាំងអស់ និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។
លោក បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់កាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការ អនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង មាន៨ជំពូក និង៤០មាត្រា មានគោលបំណង កំណត់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលត្រូវបង្ក្រាប និងទប់ស្កាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សង្គម និងធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មក្នុងសង្គមជាតិ ៕