ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ជនជាតិ ១នាក់និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យជនជាតិវៀតណាមចំនួន ០១ នាក់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ៥ គីឡូក្រាម របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅរាជធានីភ្នំពេញ និងនៅចំណុចតាមផ្លូវមុន្នីវង្ស (ជិតវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ឈ្មោះ ចាំង យ៉ាំងតង (TRANG VANG TOAN) ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិវៀតណាម នូវម្សៅក្នុងកញ្ចប់ពណ៌ក្រហម (Ferrari) ចំនួន ២៣៥ កញ្ចប់ ទម្ងន់ ៤១១៤,៨៥ ក្រាម និងម្សៅក្នុងកញ្ចប់ពណ៌ស្វាយ (GRAPEFRUITTEA) ចំនួន ៩១ កញ្ចប់ ទម្ងន់ ១៣១៣,២២ ក្រាម ជាប្រភេទ (MDMA) ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕