បទវិភាគអន្តរជាតិ ៖ ប្រទេសចិនក្លាយជា“ជម្រើសដ៏ចាំបាច់”របស់សហគ្រាសបរទេសជាច្រើន វាគឺជារឿងធម្មតាណាស់

ចែករំលែក៖

អន្តរជាតិ ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានអះអាងថា ហានិភ័យធំបំផុតរបស់សហគ្រាស គឺ “បាត់បង់កម្លាំងប្រកួតប្រជែងនៅលើពិភពលោកទាំងមូលដោយសារមិនបានទទួលការអភិវឌ្ឍនៅប្រទេសចិន” ។ សហគ្រាសបរទេសផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារចិន តើមានមូលហេតុអីខ្លះ ? នេះយោងតាម គេហទំព័រ «CCFR China state-controlled media » បានផ្សាយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

«CCFR China state-controlled media » បានបញ្ជាក់ថា ៖ នៅថ្ងៃទី ១៧ ខែមិថុនា រដ្ឋាភិបាលចិនបានប្រកាសសភាពការណ៍ដំណើរការសេដ្ឋកិច្ចនៅខែឧសភា ដែលបានបើកបង្អួចមួយសម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលសេដ្ឋកិច្ចចិន ។ និយាយជារួម សេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយភាពនឹងនរ សូចនាករសំខាន់ៗសុទ្ធតែមានការកើនឡើងវិញ ហើយបានបន្តនិន្នាការល្អប្រសើរតទៅទៀត ។ ប្រការនេះក៏បានបង្កើនជំនឿចិត្តរបស់ទុនបរទេសក្នុងការធ្វើអាជីវកម្មនៅប្រទេសចិនឱ្យបានកាន់តែស៊ីជម្រៅ ។
មុនដំបូង ជំនឿចិត្តបែបនេះគឺបានមកពីទ្រង់ទ្រាយធំរបស់ទីផ្សារចិន ។ នៅខែឧសភា ទំហំលក់រាយរបស់ប្រើប្រាស់ក្នុងសង្គមបានកើនឡើង៣,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានកើនឡើង១,៤ភាគរយ បើប្រៀបធៀបនឹងខែមេសា ។ ជាពិសេស ការប្រើប្រាស់ខាងសេវាកម្មលើវិស័យទេសចរណ៍និងវប្បធម៌ជាដើមបានរក្សាកំណើនឆាប់បង្គួរដែលបានបង្ហាញឱ្យឃើញថា កម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ចចិនបានបន្តស្តារឡើងវិញ ហើយបានបញ្ចេញសក្តានុពលប្រើប្រាស់ជាបន្តបន្ទាប់។
បើនិយាយចំពោះសហគ្រាស ការច្នៃប្រឌិតថ្មីគឺជាជីវិត ។ ភាពទាក់ទាញរបស់ទីផ្សារចិន គឺស្ថិតនៅត្រង់ “ល្បឿនលឿន”នៃការច្នៃប្រឌិតថ្មី ។ បើមើលពីទិន្នន័យថ្មីបំផុតអាចឃើញថា នៅខែឧសភា តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់ធុនមធ្យមនិងធំបានកើនឡើង១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលខ្ពស់ជាងឧស្សាហកម្មធុនមធ្យមនិងធំទាំងអស់ ចំនួន៤,៤ភាគរយ ។ ឧស្សាហកម្មកម្មន្តសាលរបស់ចិនមាននិន្នាការធ្វើបរិវត្តកម្មទៅកាន់កម្រិតខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងយ៉ាងច្បាស់លាស់ កម្លាំងចលករថ្មីដែលបញ្ចេញដោយកម្លាំងផលិតកម្មគុណភាពថ្មី បាននិងកំពុងបង្កើតឡើងយ៉ាងឆាប់រហ័ស។
សហគ្រាសបរទសេជាច្រើនសម្គាល់ឃើញថា ធនធានមនុស្ស ឧត្តមភាពខាងបច្ចេកទេសរបស់ចិន ព្រមនិងក្រុមអ្នកប្រើប្រាស់ដែលមានភាពរស់រវើក ទិដ្ឋភាពប្រើប្រាស់ដ៏សម្បូរបែប និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ បានបំពេញបន្ថែមនូវ “ល្បឿនកាន់តែលឿន”ដល់ការប្រើប្រាស់ផលិតផលច្នៃប្រឌិតថ្មីរបស់ពួកគេ ។ ដូច្នេះ ពួកគេនាំគ្នាជ្រើសរើសការរួមគ្នាធ្វើអាជីវកម្មជាមួយសហគ្រាសចិន ដើម្បីរក្សាកម្លាំងប្រកួតប្រជែងលើពិភពលោកទាំងមូល ។ មិនត្រឹមតែប៉ុណ្ណោះទេ ទីផ្សារចិនក៏បាននាំមកនូវ “ភាពរស់រវើក”ដល់សេដ្ឋកិច្ចសកលផងដែរ ។ ពីខែមករា ដល់ខែឧសភាឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរបស់ប្រទេសចិនបានកើនឡើង ៦,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទ្រង់ទ្រាយនេះបានបំបែកកំណត់ត្រាថ្មីបើប្រៀប ធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ មិនថាការផ្គត់ផ្គង់ “សមត្ថភាពប្រើប្រាស់”យ៉ាងខ្លាំងដល់ពិភពលោក ឬមួយក៏ការនាំចេញផលិតផលប្រកបដោយកម្រិតខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងក៏ដោយ ក៏ប្រទេសចិនបាននិងកំពុងបំពេញបន្ថែម “ល្បឿនកាន់តែលឿន”ដល់ការស្តារឡើងវិញរបស់សេដ្ឋកិច្ចសកល ។
ដោយមកពីសេដ្ឋកិច្ចចិនមានការកើនឡើងយ៉ាងខ្លាំងក្លាតាំងពីចូលឆ្នាំនេះមក បានជាគ្រឹះស្ថានអន្តរជាតិជាច្រើនបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនព្រមៗគ្នា ។ “មានការចាប់ផ្តើមដ៏ល្អប្រសើរ បានបង្ហាញពីភាពធន់ ”“មាននិន្នាការល្អប្រសើរជាបន្តបន្ទាប់” បានក្លាយជាពាក្យគន្លឹះរបស់ប្រព័ន្ធសារព័ត៌មានសម្រាប់វាយតម្លៃសេដ្ឋកិច្ចចិន ។
បច្ចុប្បន្ននេះ បរិយាកាសនៅខាងក្រៅនៅតែមានភាពស្មុគស្មាញនិងបម្រែបម្រួលដដែល សេដ្ឋកិច្ចនៅស្រុកចិនក៏ប្រឈមនឹងភាពលំបាកនិងការសាកល្បងមួយចំនួនផងដែរ ប៉ុន្តែ និន្នាការទូទៅនៃសេដ្ឋកិច្ច ចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនបានកែប្រែទេ ។ យោងតាមកម្លាំងចលករខាងការច្នៃប្រឌិតថ្មីបានកើនឡើងជាបន្តបន្ទាប់ គោលនយោបាយម៉ាក្រូបានអនុវត្តដោយចំគោលដៅ ក៏ដូចជាការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការពង្រីកការបើកទូលាយ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តនិន្នាការល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយមានលក្ខណៈសម្បតិ្តដ៏គ្រប់គ្រាន់ក្នុងការសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ ។ ប្រទេសចិនក្លាយជា “ជម្រើសដ៏ចាំបាច់”របស់សហគ្រាសបរទេសជាច្រើន វាគឺជារឿងធម្មតាណាស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print