ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅប្រឈមនឹងចំណីអាហារ បន្លែបង្ការដែលពោរពេញទៅដោយសារធាតុគីមីសព្វថ្ងៃសង្កេតឃើញថា ទំនិញនាំចូល ពីបរទេសជាប្រភេទចំណីអាហារ, នំកញ្ចប់, បន្លែបង្ការ, គ្រឿងឧបភោគបរិភោគភាគ ច្រើនត្រូវបានថែទាំដោយសារធាតុគីមី ។ អ្នកទទួលទានចំណីអាហារដែលមានសារ ធាតុគីមីត្រូវប្រឈមនឹងជំងឺច្រើនយ៉ាង វាបង្កឲ្យមានហានិភ័យជាច្រើនសម្រាប់សុខ ភាពប្រជាពលរដ្ឋនៅពេលអនាគត ។
ដើម្បីសម្រាល ឬដោះស្រាយបញ្ហានេះសមត្ថកិច្ចកាំកុងត្រូលបានសស្រាក់សស្រាំ ចុះណែនាំពន្យល់ដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សមិនឲ្យទទួលទានចំណីអាហារ ដែលមានសារធាតុគីមីនោះឡើយ ។ ជាមួយនឹងការចុះអប់រំ ែណនាំនេះ សមត្ថកិច្ច កាំកុងត្រូលមិនបានចែកឧបករណ៍ដើម្បីឲ្យសិស្សានុសិស្សកាន់នៅនឹងដៃសម្រាប់ធ្វើ តេស្តទៅលើចំណីអាហារដែលមានជាតិពុលនោះឡើយ ។ តើធ្វើដូចម្តេចទៅដើម្បីឲ្យ ដឹងថា ចំណីអាហារណាមានសារធាតុគីមី? លើសពីនេះទៅទៀតតើអាជ្ញាធរមានសមត្ថ កិច្ចផ្នែកកាំកុងត្រូលគួរតែទប់ស្កាត់ការនាំចំណីអាហារពីបរទេសដែលមានសារធាតុគីមី ចូលក្នុងប្រទេសឬយ៉ាងណា? ការស្នើឲ្យសិស្សានុសិស្សកុំទទួលទានចំណីអាហារ តើ មានប្រសិទ្ធភាពទេ បើទំនិញថោកៗទាំងនោះត្រូវបានលក់ហៀរហូរទាំងក្នុងសាលា និងតាមរបងសាលារៀននោះ?
បើតាមខ្ញុំបាទយល់ វិធានការមានប្រសិទ្ធភាពមួយដែល សមត្ថកិច្ច កាំកុង ត្រូលត្រូវ អនុវត្តនោះគឺពិនិត្យមើលការនាំទំនិញគ្មានគុណភាពចូលពីប្រទេសជិតខាងឲ្យបាន ហ្មត់ចត់ចៀសវាងសមត្ថកិច្ចកាំកុងត្រូលនៅតាមព្រំដែនបិទភ្នែកឲ្យឈ្មួញនាំម្ហូប អាហារ នំចំណី ភេសជ្ជៈដែលគ្មានគុណភាពជាថ្នូរនឹងទឹកប្រាក់ រួចហើយនាំគ្នាមក អំពាវនាវឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សកុំទទួលទានចំណីអាហារ…ដែលគ្មានគុណ ភាព ឬមានជាតិពុល និងហួសកាលបរិច្ឆេទ ។ វាមិនមែនជាដំណោះស្រាយដើម្បីសុខុ មាលភាពប្រជាពលរដ្ឋនោះទេ នៅពេលដែលសមត្ថកិច្ចជំនាញកាំកុងត្រូលនៅតាម ច្រកព្រំដែនអនុញ្ញាតឲ្យឈ្មួញនាំទំនិញគ្មានគុណភាពចូល ជាថ្នូរនឹងអំពើពុករលួយ រួចទើបមកអំពាវនាវឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងផ្ទៃប្រទេសកុំឲ្យទទួលទានចំណី អាហារទាំងនោះ ។
គេឃើញប្រធាននាយកដ្ឋានកាំកុងត្រូលចុះពិនិត្យស្ពៃជ្រក់ក្នុងផ្សារ និងគ្រឿងសមុទ្រនៅម្តុំត្រឡោកបែក ។ ប៉ុន្តែទំនិញគ្មានគុណភាពដែល
ឈ្មួញដឹកទាំងឡានៗចូលពីប្រទេសជិតខាងមិនដែលឃើញស្ថាប័នកាំកុងត្រូលដែលមាននៅគ្រប់ច្រកព្រំដែន ចាប់បង្ក្រាបនោះឡើយ ។ រឿងទំនិញគ្មានគុណភាពទាំងនោះមិនមែនលំបាកបង្ក្រាប ដូចករណីជួញដូរគ្រឿងញៀននោះទេ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច ពោលគឺកាំកុងត្រូលពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយឈ្មួញ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់